ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ បន្តនាំយកអំណោយផ្ដល់ជូនពលរដ្ឋខ្វះខាត ១១០គ្រួសារ ក្នុងស្រុកព្រៃកប្បាស


តាកែវ÷ នៅព្រឹកថ្ងៃអង្គារ ១២ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ នឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស មន្រ្តីរាជការសាលាស្រុក បាននាំយកអំណោយផ្ដល់ពលរដ្ឋក្រក្រី ១១០គ្រួសារ មកពីឃុំចំនួន ៣ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវបានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋកុំភ្លេចឲ្យសោះ អំពីវិធានការអប់រំណែនាំ វិធានការបង្ការ និងទប់ស្កាត់ អំពីរីករាល ដាលនៃមេរោគកូវីដ១៩ កុំអោយមានឆ្លងនៅសហគមន៍របស់យើង ហើយជាពិសេសត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ១៩ នេះ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត រហូតមកដល់ពេលនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តតាកែវបានបន្តសកម្មភាពចុះអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ តាមរយៈការចាក់មេក្រូនៅតាមភូមិ តាមវត្តអារ៉ាមនានា និងចុះអប់រំដល់ខ្នងផ្ទះប្រជាពលករដែលទើបវិលត្រលប់ពីក្រៅប្រទេសពីវិធីបង្ការនិងវិធានការការពារកុំឲ្យឆ្លងជំងឺកូវីដ១៩តាមរយៈការនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃផងដែរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ ១៩នេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងរលកទី២នេះ។

សូមបញ្ជាក់ដែរថា អំណោយដែលទទួលបានពីសប្បុរសជននានា ប្រគល់ជូនគ្រួសារខ្វះខាតទាំង១១០គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម អំបិល១គីឡូ ប៊ីចេង១គីឡូ ទឹកត្រី១យួរ មី២៥កញ្ចប់ អាលកុល១ដប សាប៊ូ ២ដុំ និងក្រម៉ា ១ ផងដែរ ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ដោះស្រាយបានមួយរយះពេលផងដែរ៕