សៀមរាប៖ មជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ដែលស្ថិតក្នុងខេត្តសៀមរាប ត្រូវបានជួសជុល និងកែលម្អឡេីងវិញ ដេីម្បីបម្រេីដល់ការបណ្តុះបណ្តាលគ្រូឧទ្ទេស ស្តីពីបច្ចេកទេសក្នុងការបង្រៀនសិស្សតាមអនឡាញ ស្របពេលដែលក្រសួងអប់រំ បាន និងកំពុងពង្រឹងកម្មវិធីអប់រំពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក។
ការចុះពិនិត្យនេះ ត្រូវបានធ្វេីឡេីង ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសនៃការបំពេញបេសកកម្មចុះពិនិត្យ ការរៀន និងការបង្រៀនពីចម្ងាយ និងបេីកវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេស នៅខេត្តសៀមរាប និងបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តម បានផ្តល់អនុសាសន៍ណែនាំឱ្យអគ្គនាយកដ្ឋានយុវជន សហការជាមួយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ដេីម្បីរៀបចំវគ្គបណ្តុះបណ្តាលតាមមធ្យោបាយពីរប្រភេទ គឺវគ្គបណ្តុះបណ្តាលតាមអនឡាញ និងពីចម្ងាយ។
សូមជម្រាបថាសំណង់ដែលត្រូវជួសជុលកែលម្អឡេីងវិញរួមមាន អគារធំ បន្ទប់របាំ អាងទឹកបុរាណ កន្លែងទស្សនារបាំ សាលសម្តែងរបាំ ព្រមទាំងមានការចាក់បេតុងព័ទ្ធជុំវិញអគារផងដែរ៕