ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាថ្មីម្តងទៀតបានអះអាងថា កម្ពុជាគ្មានមូលដ្ឋានកងទ័ពបរទេសណាមួយនៅតាមដែនសមុទ្រ ឬកំពង់ផែសមុទ្រឡើយ ហើយក៏មិនអនុញ្ញាតឲ្យប្រទេសណាមួយមកបោះទីតាំងមូលដ្ឋានទ័ពនៅកម្ពុជាដើម្បីប្រឆាំងជាមួយប្រទេសដទៃទៀតដែរព្រោះវាផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ជំពូកទី១ អំពីអធិបតេយ្យ មានមាត្រាមួយចែងថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជក្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍មិនចូលបក្សសម្ព័ន្ធ និងជារដ្ឋដែលមិនអាចបំបែកបាន។ ប៉ុន្តែផ្ទុយទៅវិញបើមានប្រទេសណាមួយចង់ចូលមកសំចត និងធ្វើសមយុទ្ធនៅកម្ពុជា គឺអាចដាក់ពាក្យស្នើសុំបាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសស្វាគមន៍គ្រប់ពេល។
បើរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាបានចែងយ៉ាងដូច្នេះ ហើយប្រមុខដឹកនាំរដ្ឋាភិបាល ក៏បានបញ្ជាក់ជំហរអព្យាក្រឹត្យអំពីឯករាជក្យភាពរបស់ខ្លួនជារដ្ឋអធិបតេយ្យមិនចូលបក្សសម្ព័ន្ធម្តងហើយម្តងទៀត ហេតុអ្វីនៅតែមានបរទេសលើកឡើងដដែលជាដដែលថា កម្ពុជាមានមូលដ្ឋានយោធារបស់ចិននៅត្រង់នេះត្រង់នោះមិនឆ្ពោះត្រង់ណា?
មែនទែនទៅ ពាក្យចចាមអារាមជុំវិញរឿងមូលដ្ឋានទ័ពចិននៅកម្ពុជា វាជាការប្រជែងអំណាចគ្នារវាងចិន និងសហរដ្ឋអាមេរិក ក្នុងល្បែងភូមិសាស្ត្រនយោបាយនៅឥណ្ឌូចិន។ បើមើលឲ្យច្បាស់ទៅ ការផ្សព្វផ្សាយពាក្យចចាមអារាមពីការសង់មូលដ្ឋានទ័ពចិននៅកម្ពុជា គឺធ្វើឡើងព្រោះតែអាមេរិកបារម្ភពីផលប្រយោជន៍របស់ខ្លួនឯងច្រើនជាងបារម្ភពីកម្ពុជា។ វត្តមានមូលដ្ឋានទ័ពជើងទឹកចិននៅកម្ពុជា ប្រសិនបើមានមែននោះ វានឹងផ្ដល់ប្រយោជន៍ដល់ចិន។ ផលប្រយោជន៍នេះ មិនត្រឹមតែធ្វើឲ្យអាមេរិកខាតបង់ទេ តែវាអាចក្លាយទៅជាហានិភ័យសម្រាប់អាមេរិកថែមទៀត។ ទោះយ៉ាងនេះក្តី កម្ពុជាបានប្រកាសជំហរយ៉ាងម៉ឹងម៉ាត់ម្តងហើយម្តងទៀតថា កម្ពុជា ជារដ្ឋឯករាជ្យអធិបតេយ្យ អព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធ ដូច្នេះកម្ពុជា នឹងមិនអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីខ្លួន ហើយក៏អនុញ្ញាតឲ្យមានមូលដ្ឋានទ័ពរបស់ខ្លួននៅលើទឹកដីប្រទេសដទៃដែរ លើកលែងតែក្នុងក្របខណ្ឌរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះ។
ចិន បច្ចុប្បន្នជាមហាអំណាចសេដ្ឋកិច្ចទី២ លើពិភលោក តាមពីក្រោយសហរដ្ឋអាមេរិកអាមេរិក។ ហើយការព្យាករណ៍គេរំពឹងថា មហាយក្សចិន នឹងឡើងមកជំនួសសហរដ្ឋអាមេរិកយកលេខ១ នៅក្នុងឆ្នាំ២០២២។ ដោយសារតែការវិនិយោគរបស់ចិនកើតមាននៅគ្រប់ទីកន្លែងលើពិភពលោក ពិសេសេការមកវិនិយោគនៅកម្ពុជា ដែលជាទីតាំងភូមិសាស្ត្រនយោបាយផង បានធ្វើឲ្យមហាអំណាចសហរដ្ឋអាមេរិក មានការព្រួយបារម្ភពីឥទ្ធិពលរបស់ចិន ដែលកំពុងស្ទុះហក់ឡើងទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងយោធា។
ដើម្បីទប់ទល់ការហក់ឡើងរបស់មហាយក្សចិន អាមេរិក បានប្រើគ្រប់មធ្យោបាយ ដើម្បីរារាំងការរីកធំធាត់របស់មហាយក្សចិនក្នុងគោលដៅការពារផលប្រយោជន៍ខាងភូមិសាស្ត្រនយោបាយរបស់ខ្លួន ដូចជា ការធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយចិន ការដណ្តើមកាន់កាប់ទីតាំងភូមិសាស្ត្រនយោបាយដែលមិនដែលមានក្នុងប្រវត្តិសាស្ត្រសកលលោក។ ការបំផុសផ្សព្វផ្សាយពាក្យចចាមអារាម និងការប្រឌិតព័ត៌មានមិនពិតជាច្រើន វាយប្រហារទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន ឲ្យទៅជារឿងអសន្តិសុខផ្នែកយោធាក្នុងតំបន់ បានកើតមាននៅស្ទើរគ្រប់សារព័ត៌មានធំៗរបស់អាមេរិកកាលពីឆ្នាំមុន។
សហរដ្ឋអាមេរិកបានបង្កើតព័ត៌មានក្លែងក្លាយថា ប្រទេសចិន និងកម្ពុជាបានលួចចុះកិច្ចព្រមព្រៀងសម្ងាត់ ផ្តល់ឲ្យចិននូវកម្មសិទ្ធផ្តាច់មុខប្រើប្រាស់មូលដ្ឋានយោធាជើងទឹករាមនៅខេត្តព្រះសីហនុ។ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា បដិសេធទាត់ចោលជារឿយៗ។
ជាការកត់សម្គាល់ នៅក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ប្រទេសចិន គឺចិនមិនដែលមានមហិច្ឆតា ឬបានដាក់នឹមអាណានិគមលើប្រទេសណាមួយឡើយ មានតែការធ្វើជំនួញជាមួយបណ្តាប្រទេសនានាប៉ុណ្ណោះ។ ផ្ទុយមកវិញ គេសង្កេតឃើញសហរដ្ឋអាមេរិក បានដាក់ពង្រាយមូលដ្ឋានយោធារបស់ខ្លួនជាច្រើននៅជុំវិញពិភពលោក ពិសេសគ្រាន់តែនៅតំបន់អាស៊ីប៉ាស៊ីហ្វិក មានដូចជាមូលដ្ឋានទ័ពនៅជប៉ុន ហ្វីលីពីន ថៃ…ជាដើម។ល។ តើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកទាំងនេះ មិនមែនជាការគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់ទេឬ?
កាលពីឆ្នាំទៅមិញ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បានដឹកនាំអ្នកសារព័ត៌មានជាតិ-អន្តរជាតិសរុបជិត ១០០នាក់ ចុះទៅពិនិត្យមើលនៅទីតាំងជាក់ស្តែង ដែលអាមេរិក បានចោទប្រកាន់ជុំវិញរឿងទីតាំងមូលដ្ឋានទ័ពចិននៅកម្ពុជា។ ក្រោយការចុះពិនិត្យ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មិនបានរកឃើញអ្វីដែលជាការសង្ស័យរបស់សារព័ត៌មានសហរដ្ឋអាមេរិកផ្សាយឡើយ។
ការប្រឌិតព័ត៌មានក្លែងក្លាយជុំវិញរឿងមូលដ្ឋានយោធាចិននៅកម្ពុជា គឺជាព័ត៌មានបំប៉ោង បំភ្លៃ បំផ្លើស ដូចប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលលើកឡើងថា ការចោទប្រកាន់លើរាជរដ្ឋាភិបាលកម្ពុជាគឺជាចេតនាដ៏អាក្រក់បំផុតដែលចង់បំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជាដើម្បីផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងដើម្បីមហិច្ឆតាដ៏ខ្មៅកខ្វក់របស់ពួកគេតែប៉ុណ្ណោះ៕