នៅថ្ងៃអង្គារ៍ ទី២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាអំពីការធ្វើបច្ចុប្បន្នភាពសន្តិសុខលម្ហសមុទ្រ ដើម្បីផ្ទៀងផ្ទាត់ចំនួនកោះ ថ្មប៉ប្រះទឹក និងថ្មដុះ ក្នុងភូមិសាស្រ្តខេត្តកំពត។ ដោយមានការចូលរួពី ឯកឧត្តមអភិបាលរងខេត្ត កងកម្លាំងការពារព្រំដែនសមុទ្រ មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុងស្រុក សរុប ១៣នាក់។
តាមរបាយការណ៍ និងបទបង្ហាញរបស់លោក ដាញ់ សារី ប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានអោយដឹងថា៖ ខេត្តកំពតពិតជាមានកោះចំនួន ០៣ពិតមែន តាមការស្រាវជ្រាវរាប់ចំនួនកោះ ថ្មដុះ និងថ្មប៉ប្រ៉ះទឹក ក្នុងភូមិសាស្រ្តខេត្តកំពត នៃកិច្ចសហការណ៍រវាងក្រុមការងារបច្ចេកទេស របស់គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រជាមួយអាជ្ញាធរខេត្តកំពត ដែលក្នុងនោះកោះសេះ និងកោះគី ស្ថិតនៅក្នុងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូខេត្តកំពត មានចំងាយប្រហែល ២២គីឡូម៉ែត្រ ពីព្រំប្រទល់ឆ្នេរត្រពាំងរពៅ ជាប់ព្រំប្រទល់ខេត្តព្រះសីហនុ និងកោះត្រង៉ោល ស្ថិតនៅក្នុងក្រុងកំពត មានចំងាយប្រហែល ៨គីឡូម៉ែត្រពីឆ្នេរសង្កាត់ត្រេីយកោះ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានស្នេីសុំអោយអាជ្ញាធរ និងមន្ទីរអង្គភាពពាក់ព័ន្ធចុះធ្វេីការវាស់វែង កំណត់ទីតាំងអោយបានច្បាស់លាស់ នៃកោះទាំង៣ដេីម្បីងាយស្រួលក្នុងការគ្រប់គ្រង។