កម្ពុជាប្រតិកម្មខ្លាំងរឿងវៀតណាមបោះតង់ ចូលតំបន់ព្រំដែនដែលមិនទាន់ដាច់ស្រេច


ភ្នំពេញ ៖ កម្ពុជាបានប្រតិកម្មនឹងការបោះតង់របស់កងទ័ពវៀតណាមនៅក្នុងតំបន់ព្រំដែន ដែលមិនទាន់ឯកភាពគ្នានៅព្រំដែនខេត្តកណ្តាលដោយបានកោះហៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី២ ខែមិថុនា បានឲ្យដឹងថា កម្ពុជាក៏បានស្នើតាមរយៈអគ្គរដ្ឋទូតវៀតណាមលោក វូ កាងមីង ឲ្យរុះរើតង់យោធាទាំងនោះឲ្យបាន ឆាប់ជាទីបំផុត។

ក្រសួងការបរទេសបានបញ្ជាក់ថា កាលពីថ្ងៃទី០១ខែមិថុនា លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយលោក វូ កាងមីង ហើយកម្ពុជាបានស្នើឲ្យភាគីវៀតណាម រុះរើតង់ចេញទាំង អស់ឲ្យបានឆាប់ ហើយបន្តរក្សាស្ថានភាពដើមមិនកែប្រែក្នុងតំបន់នោះ រហូតដល់គណៈកម្មការព្រំដែននៃប្រទេសទាំងពីរ ដោះស្រាយកំណត់ខ្សែព្រំដែន ជាក់លាក់ជាស្ថាពរនៅតំបន់នោះ ដើម្បីប្រែក្លាយតំបន់ព្រំដែនប្រកបដោយ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាប្រយោជន៍រួមសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ៕