រកឃើញពលរដ្ឋជួបការលំបាក ដោយសារជំងឺកូវីដ១៩ ជាង ២លាននាក់ ត្រូវទទួលការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាល


ដំណើរការកំណត់អត្តសញ្ញាណប្រជាពលរដ្ឋមានជីវភាពក្រីក្រ ហើយជួបការលំបាកដោយសារជំងឺកូវីដ១៩ ដើម្បីរាជរដ្ឋាភិបាលឧបត្ថម្ភថវិកានោះ បានបិទបញ្ចប់ហើយនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ។ ក្រសួងផែនការដែលជាអ្នកដឹនាំការងារកំណត់អត្តសញ្ញាណប្រជាពលរដ្ឋក្រីក្រ បានឱ្យដឹងថា មានប្រជាពលរដ្ឋជាង ៥៦ម៉ឺនគ្រួសារ ស្មើនឹងជាង ២លាននាក់ ដែលមានជីវភាពលំបាក រងផលប៉ះពាល់ខ្លាំងពីជំងឺកូវីដ១៩នេះ។

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅនេះ បានចេញសេចក្តីណែនាំទៅកាន់ក្រុមការងារថ្នាក់ជាតិទាំងអស់ឱ្យចុះស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពកំណត់អត្តសញ្ញាណគ្រួសារក្រីក្រកំលុងពេលជំងឺកូវីដ១៩ រាតត្បាត ដើម្បីរាជរដ្ឋាភិបាលផ្តល់ការគាំពារដល់ជីវភាពរបស់ពួកគេ ដែលកំពុងជួបការខ្វះខាតនេះ។

ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះថា ដំណើរការកំណត់អត្តសញ្ញាណពលរដ្ឋមានជីវភាពក្រីក្រ និងរងផលប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ១៩នេះ បានបិទបញ្ចប់ហើយ។ លោក បានឱ្យដឹងទៀតថា ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ខ្លាំងនេះ មានចំនួនប្រមាណ ៥៦២,៦៨៦ គ្រួសារ ដោយគិតជាចំនួនមនុស្សមានប្រមាណ ជិត២លាន ៣សែននាក់ទូទាំងប្រទេសកម្ពុជា។ ចំនួននេះ កើនលើសទិន្នន័យចាស់ជាង ៦ម៉ឺនគ្រួសារ។

ឯកឧត្តម ថេង បញ្ញាធន បានបញ្ជាក់ថា ដំណើរការកំណត់អត្តសញ្ញាណប្រជាពលរដ្ឋមានជីវភាពខ្វះខាត ហើយអាចទទួលការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលនេះ ត្រូវបានធ្វើឡើងយ៉ាងសុក្រឹតត្រឹមត្រូវជាទីបំផុត ដោយមានការផ្ទៀងផ្ទាត់ច្បាស់រវាងអាជ្ញាធរមូលដ្ឋាន ជាមួយក្រុមការងារថ្នាក់ជាតិ និងមន្ត្រីបច្ចេកទេសរបស់ក្រសួងផែនការ។

ឯកឧត្តមអគ្គនាយកផែនការរូបនេះ បានឱ្យដឹងផងដែរថា ប្រជាពលរដ្ឋដែលអាចទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺជាប្រជាពលរដ្ឋមានជីវភាពខ្វះខាតខ្លាំងដោយបាត់បង់ចំណូលប្រចាំថ្ងៃ និងកំពុងជួបប្រទះការខ្វះខាតស្បៀងអាហារ។

បើតាមឯកឧត្តម ថេង បញ្ញាធន បន្ទាប់ទទួលបានទិន្នន័យនេះទៅ ក្រសួងសេដ្ឋកិច្ចនឹងគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ដើម្បីសម្រេចពេលវេលាជាក់លាក់ក្នុងការផ្ដល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលខ្វះខាត និងជួបការលំបាកនេះ។

ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ថវិកាសម្រាប់ឧបត្ថម្ភ និងគាំពារដល់ប្រជាពលរដ្ឋក្រីក្រ បានត្រៀមរួចរាល់ និងមានគ្រប់គ្រាន់ហើយ។ លោកក៏បានឱ្យដឹងដែរថា បន្ទាប់ពីបានទិន្នន័យពីក្រសួងផែនការហើយនោះ រាជរដ្ឋាភិបាលនឹងចាប់ផ្តើមផ្តល់ប្រាក់ឧបត្ថម្ភនេះ។

ឯកឧត្តម ថេង បញ្ញាធន បានគូសបញ្ជាក់ដែរថា ការកំណត់អត្តសញ្ញាណប្រជាពលរដ្ឋមានជីវភាពក្រីក្រមិនទាន់បញ្ចប់ត្រឹមជាង ៥៦ម៉ឺនគ្រួសារនេះឡើយ។ ទិន្នន័យដែលរកបាននេះគ្រាន់តែជំហានទី១ប៉ុណ្ណោះ ពោលក្រសួងនឹងបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ នៅជំហានបន្តបន្ទាប់ទៀត៕