គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បើកកិច្ចប្រជុំពិនិត្យមើលវឌ្ឍភាពនៃប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួនក្រោយពីបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០កន្លងមក


ថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោក អូន ប៊ុនហាក់ អនុប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះ បញ្ជីរថយន្ត តំណាងលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីយានយន្តរបស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់ លេខចុះបញ្ជីរថយន្ត ដោយមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មកាអន្តរក្រសួង និងមន្ត្រី ជំនាញនាយកដ្ឋានពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះផ្តោតជាសំខាន់លើវឌ្ឍនភាពនៃប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួនក្រោយពីបានដាក់ឱ្យ ដំណើរការជាផ្លូវការនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធានាឱ្យការគ្រប់គ្រងការចុះបញ្ជីយានយន្តមានប្រសិទ្ធភាព ក៏ដូចជាធានាដល់ការគ្រប់គ្រងចំណូលពីការលក់លេខចុះ បញ្ជីយានយន្តមានតម្លាភាពផងដែរ។

លោកអនុប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានជំរុញឱ្យសមាជិក សមាជិកាទាំងអស់ចូលរួមផ្តល់ធាតុចូលដើម្បីធ្វើឱ្យប្រសើរឡើងដល់ប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួន ធានាបាននូវសុវត្ថិភាពទិន្នន័យ បង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ធានាឱ្យការចុះបញ្ជីផ្តល់បណ្ណនិងបំពាក់ផ្លាកលេខសម្គាល់យានជំនិះបានឆាប់រហ័ស ជាពិសេសរួមចំណែកដល់ការប្រមូលប្រាក់ចំណូលជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះផងដែរ លោកអនុប្រធានគណៈកម្មការអន្តរក្រសួង ក៏បានថ្លែងការកោតសរសើរដល់នាយក ដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹង ប្រែងអភិវឌ្ឍប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួនឱ្យលេចចេញជារូបរាងឡើងក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕