ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា


នារសៀល ថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាកិច្ចការមួយចំនួន ជាមួយឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងមន្ត្រីស្ថានទូត។ នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន នាពេលកន្លងមក ដោយរួមបញ្ចូលការអភិវឌ្ឍធនធានមនុស្ស ការអនុវត្តច្បាប់ និងការពង្រឹងសន្តិសុខសង្គម។ ថ្នាក់ដឹកនាំទាំងពីរក៏បានសម្តែងនូវក្តីបារម្ភចំពោះផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid 19 ទាំងលើវិស័យសេដ្ឋកិច្ច ទាំងលើវិស័យសង្គមកិច្ច ហើយថ្នាក់ដឹកនាំទាំងពីរក៏បានបង្ហាញនូវការយកទឹកចិត្តក្នុងការជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់នៃជំងឺនេះ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការគាំទ្រក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត តាមរយៈកិច្ចសហការលើការអនុវត្តច្បាប់ ការកសាងសមត្ថភាព និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាអាទិ៍។