គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះនិងរបើកដំបូលចំនួន ៧ គ្រួសារ ក្នុងឃុំស្វាយបានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា


កំពង់ឆ្នាំងៈនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង អមដំណើរដោយឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត សមាជិក សមាជិកាគណៈកម្មាធិការសាខានិងថ្នាក់ដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន០៧ គ្រួសារ ស្ថិតនៅក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានសម្ដែងនូវការចូលរួមសោកស្ដាយចំពោះឧបទ្ទវហេតុដែលបានកើតឡើងចំពោះគ្រួសារបងប្អូននៅក្នុងឃុំស្វាយ ជាពិសេសគ្រួសារទាំង ០៧ គ្រួសារ ដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេ។ ឯកឧត្តម ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែកកន្លងមកសម្តេចតែងតែគិតគូរ និង យកចិត្តទុកដាក់ ពីសុខទុក្ខ ប្រជាពលរដ្ឋជួបការលំបាក និង រងគ្រោះដោយគ្រោះធម្មជាតិគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាពការពារខ្លួនការពារជីវិតពីជំងឺកូវីដ ១៩ ត្រូវរក្សាអនាម័យ ដោយការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងរក្សាគម្លាតសុវត្ថិភាព តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល អំពីវិធានការការពារជីវិតពីជំងឺដ៏កាចសាហាវមួយនេះ។

អំណោយដែលគ្រួសារនីមួយៗទទួលបានមានៈ-គ្រួសាររលំផ្ទះ ទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី ១ កេស, ត្រីខ ១០ កំប៉ុង, ឃីត ១កញ្ចប់, ជេលលាងដៃ ១ដប រួមទាំងថវិកា ១០ ម៉ឺនរៀល និងថវិកាសប្បុរសជន ២០ ម៉ឺនរៀល។
-គ្រួសាររបើកដំបូងចំនួន ០២ គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១ កេស, ត្រីខ ១០ កំប៉ុង, ឃីត ១កញ្ចប់, ជេលលាងដៃ ១ដប ថវិកា ២០ ០០០រៀល រួមនឹងថវិកាសប្បុរសជនចំនួន ២០ម៉ឺនរៀល ៕