បាត់ដំបង៖ គ្រូឧទ្ទេសនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តបាត់ដំបង បានទទួលវគ្គបណ្ដុះបណ្ដាលពីរបៀបបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីយកទៅអនុវត្តផ្ទាល់ ធានាបានថាសិស្សានុសិស្សនៅតែអាចទទួលបានការអប់រំប្រកបដោយគុណភាព ហើយស្របតាមទិសដៅក្រសួងអប់រំ ក្នុងការលើកកម្ពស់ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អបដោយប្រតិភូក្រសួងអប់រំ បានអញ្ជើញចុះពិនិត្យ និងផ្ដល់អនុសាសន៍ដល់លោកគ្រូអ្នកគ្រូក្នុងវគ្គបណ្ដុះបណ្ដាលនេះ។ ឆ្លៀតក្នុងឱកាសនោះឯកឧត្ដមក៏បានលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូឱ្យយកជំនាញដែលទទួលបាននេះ ទៅប្រើប្រាស់ប្រកបដោយអត្ថប្រយោជន៍ លើកកម្ពស់ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក និងការសិក្សាពីចម្ងាយ។ ក្នុងឱកាសនៃការបំពេញបេសកកម្មនេះ ឯកឧត្ដមក៏បានអញ្ជើញចុះពិនិត្យសកម្មភាពនៃការរៀន និងបង្រៀនពីចម្ងាយនៅវិទ្យាល័យ នេតយ៉ង់ ខេត្តបាត់ដំបងផងដែរ៕
០៤ ឧសភា ២០២០ | ខេត្តបាត់ដំបង