ទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំកិច្ចប្រជុំ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករំដួលខេត្តស្វាយរៀង


(ស្វាយរៀង)៖ ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល បានដឹកនាំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករំដួល ដើម្បីកែសម្រួលសមាសភាព ក្រុមការងារ ចុះមូលដ្ឋានតាមឃុំនីមួយៗ និងពង្រឹងការអនុវត្តកំណត់ អត្តសញ្ញាណប្រជាពលរដ្ឋក្រីក្រ នៅស្រុករំដួលទាំងមូល។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ប្រធាន-អនុប្រធាន តាមឃុំនីមួយៗ និងរដ្ឋបាលស្រុករំដួល នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្ដីនឹករលឹក និងសួរសុខទុក្ខរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនដល់សមាជិកក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករំដួល និងរដ្ឋបាលស្រុករំដួលទាំងអស់ ព្រមទាំងបានណែនាំឲ្យរដ្ឋបាលស្រុក ត្រូវបន្តយន្តការដោះស្រាយសំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំឲ្យក្រុមការងារចុះមូលដ្ឋានតាមឃុំនីមួយៗ ត្រូវបន្តកសាងភាពស្និទ្ធស្នាលរវាងរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋ ប្រកបដោយគណនេយ្យភាព តម្លាភាព និងភាពស្អាតស្អំ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ក៏បានណែនាំឲ្យក្រុមការងារ និងរដ្ឋបាលស្រុក ត្រូវបន្តតាមដាន និងជំរុញការអនុវត្តការកំណត់ អត្តសញ្ញាណប្រជាពលរដ្ឋ ក្រីក្រ ក្នុងកំឡុងនៃការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានរួចនៅចុងខែមិថុនា ឆ្នាំ២០២០ និងប្រកបដោយតម្លាភាព ស្របតាមការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយយើងមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាស្លាប់ ដោយមិនបានយកចិត្តទុកដាក់នោះឡើយ៕