ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ


(កំពង់ធំ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ និងប្រកាសជាផ្លូវការ បើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយប្រើប្រាស់កម្មវិធីសាច់ប្រាក់ពលកម្ម ក្រោមក្របខ័ណ្ឌ «គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ ជំហានទី២ សម្រាប់ឆ្នាំ ២០២០-២០២២» ដែលបានប្រព្រឹត្តិធ្វើនៅក្នុងខេត្តកំពង់ធំ។

ពិធីនេះ មានការចូលរួមពី តំណាងជាន់ខ្ពស់នៃក្រសួង-ស្ថាប័នជាភ្នាក់ងារអនុវត្ត គម្រោងរួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹក និងឧតុនិយម, អគ្គិសនីកម្ពុជា, អភិបាលខេត្តកំពង់ធំ, និងតំណាងមន្ទីរពាក់ព័ន្ធនានា នៃខេត្តគោលដៅផងដែរ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

«គម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ» មានគោលដៅចូលរួមកាត់បន្ថយភាពក្រីក្រ, លើកកម្ពស់ជីវភាព និងសុខមាលភាពរស់នៅរបស់ប្រជាជនជនបទ និងប្រជាកសិករក្រីក្រ ដែលត្រូវធ្វើឡើងតាមរយៈ៖

១៖ ការបង្កើតឱកាសការងាររយៈពេលខ្លី តាមកម្មវិធីសាច់ប្រាក់ពលកម្ម ដែលនឹងជួយដោះស្រាយជីវភាព បន្ទាន់ក្នុងរយៈពេលខ្លីផង ក៏ដូចជាបង្កើតជាទុន សម្រាប់ការវិនិយោគបន្តលើរបរកសិកម្ម ឬមុខរបរសមស្របដ៏ទៃទៀតផងដែរ

២៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងជនបទ ដែលរួមមាន៖ ផ្លូវលំ, ប្រឡាយជើងក្អែបសម្រាប់បង្ហូរ ទឹក ចូលក្នុងស្រែ, និងការតភ្ជាប់បណ្តាញអគ្គិសនីតម្លៃទាប ឲ្យដល់ស្ថានីយ៍បូមទឹកកសិកម្ម។

គម្រោងសាច់ប្រាក់ ពលកម្មជំហានទី១ ត្រូវបានអនុវត្តរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ដោយបានចំណាយថវិកាសរុប ចំនួន២១៥.៤ប៊ីលានរៀល និងមានវិសាលភាព លើខេត្តគោលដៅចំនួន១២រួមមាន៖ ខេត្តកំពង់ឆ្នាំង, កំពង់ធំ, កំពង់ស្ពឺ, តាកែវ, បាត់ដំបង, ពោធិ៍សាត់, ព្រៃវែង, សៀមរាប, ស្វាយរៀង ឧត្តរមានជ័យ កណ្តាល និងបន្ទាយមានជ័យ។

គម្រោងនោះ ត្រូវបានអនុវត្តដោយជោគជ័យ ដែលគិតរហូតមកដល់ពេលនេះ គម្រោងកសាងផ្លូវលំជនបទ បានប្រវែងប្រមាណ ៦៨៨ គីឡូមែត្រ, ស្តារ និងកសាង ប្រឡាយជើងក្អែបសម្រាប់បង្ហូរ ទឹកឲ្យចូលដល់ស្រែកសិករ តាមកម្មវិធីសាច់ប្រាក់ពលកម្មប្រវែងសរុប ១,១៤០គីឡូម៉ែត្រ អ្នកទទួលផលសរុប ពីគម្រោងមានចំនួន ប្រមាណ៩៣៧,៣៣៥នាក់ ក្នុងនោះប្រជាពលករ ដែលបានចូលរួមអនុវត្តកម្មវិធីសាច់ប្រាក់ ពលកម្មមានចំនួនប្រមាណ២៥៤,១២៩នាក់ ដោយម្នាក់ៗ បានទទួលសាច់ប្រាក់ពលកម្មចន្លោះ ៣០០,០០០ ដល់ជាង ១,០០០,០០០រៀល។

ឆ្លៀតក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលករ, ប្រជាកសិករ និងប្រជាជនជាអ្នកទទួលផលពីគម្រោង លោកអគ្គបណ្ឌិតសភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័ន ជាភ្នាក់ងារអនុវត្តគម្រោង និងការចូលរួមយ៉ាងសកម្ម របស់ប្រជាជនជាអ្នកទទួលផលទាំងអស់ ដែលបានរួមចំណែក ឲ្យការអនុវត្តគម្រោងសាច់ប្រាក់ពលកម្ម ជំហានទី១ សម្រេចបានសមិទ្ធផលជោគជ័យតាមផែនការ។

លោកបានថ្លែងថា លើមូលដ្ឋាននៃសមិទ្ធផលជោគជ័យ ក្នុងជំហានទី១ កាលពីដើមខែមីនា ឆ្នាំ២០២០ រាជរដ្ឋាភិបាល បានសម្រេចដាក់ឲ្យអនុវត្ត «គម្រោងសាច់ប្រាក់ពលកម្ម ជំហាន២ សម្រាប់ឆ្នាំ២០២០ ដល់២០២២» ដោយបន្ថែមការងារស្តារ និងអភិរក្សធនធានធម្មជាតិ រួមមាន៖ បឹងបួរ អាងស្តុកទឹក និងស្រះស្រោចស្រពដំណាំកសិកម្ម ព្រមទាំងពង្រីកវិសាលភាពគ្រប់ដណ្តប់លើខេត្ត សរុបចំនួន១៨ក្នុងនោះ ខេត្តជាគោលដៅនៃគម្រោងជំហានទី១ ទាំង១២ ខេត្ត និងពង្រីកបន្ថែមខេត្តថ្មី ចំនួន៦ទៀត រួមមាន៖ ខេត្តព្រះវិហារ ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង កំពង់ចាម និងខេត្តកំពត ព្រមទាំងបានគ្រោងថវិកាសរុបចំនួន ៤៥១ ប៊ីលានរៀល សម្រាប់រយៈពេល៣ឆ្នាំ ក្នុងនោះ ឆ្នាំ២០២០គ្រោង ថវិកាចំនួន១៥០ប៊ីលានរៀល។

បន្ថែមលើនេះ ពេលថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានសម្រេចប្រកាសឲ្យអនុវត្តវិធានការជុំទី៤ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចជាតិ នៅក្នុងបរិការណ៍វិបត្តិ និងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ដោយក្នុងវិធានការនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចបង្កើន ថវិកាសម្រាប់អនុវត្តគម្រោងសាច់ប្រាក់ ពលកម្មក្នុងឆ្នាំ២០២០នេះ ពី១៥០ប៊ីលានរៀល ឲ្យដល់៤១០ប៊ីលានរៀល។

តាមផែនការថ្មីនេះ ក្នុងឆ្នាំ២០២០ គម្រោងនេះ មានសមត្ថភាពស្រូប យកពលកម្មដែលបាត់បង់រយៈពេលខ្លីបានចំនួន ៨៩០,០០០នាក់, កសាងផ្លូវលំ បានចំនួន២,២៥៥គីឡូម៉ែត្រ, ប្រឡាយជើងក្អែបបាន ចំនួន២,៣៨៤គីឡូម៉ែត្រ និងភ្ជាប់បណ្តាញអគ្គិសនី ដល់ស្ថានីយបូមទឹកកសិកម្ម បានចំនួន៤៥។ ប្រជាជនទទួលផល ពីហេដ្ឋារចនា- សម្ព័ន្ធទាំងនេះ មានចំនួន ៩៥៧,០០០គ្រួសារ ។

ជាមួយគ្នានេះដែរ, ប្រជាជនដែលបានទទួលផលពីគម្រោងជំហានទី ១ បានថ្លែងអំណរអរគុណ និងសំដែង កតញ្ញុតាធម៌ចំពោះរាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលបានគិតគូររៀបចំ ឲ្យមានគម្រោងសាច់ប្រាក់ពលកម្មនេះ ដែលមិនត្រឹមតែបានផ្ដល់សាច់ប្រាក់ សម្រាប់ជួយពួកគាត់ សម្រួលជីវភាពប៉ុណ្ណោះទេ តែថែមទាំងទទួលបាននូវប្រឡាយជើងក្អែប ដែលអាចបង្ហូរទឹកចូលដល់ស្រែប្រជាកសិករ ព្រមទាំងលែងចាំបាច់ ចំណាយប្រាក់លើម៉ាស៊ីនបូមទឹក និងថ្លៃទិញប្រេងបូមទឹកពីប្រឡាយរងតទៅទៀត។

លោកអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា គម្រោងកម្មវិធីសាច់ប្រាក់ពលកម្មដែលត្រូវបាន និងកំពុងអនុវត្ត ក្រោមការគិតគូរ និងដឹកនាំផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សេដ្ឋកិច្ច-សង្គម បច្ចុប្បន្នរបស់កម្ពុជា ជាពិសេស ក្នុងបរិការណ៍ដែលពិភពលោកទាំងមូល កំពុងស្ថិតក្នុង វិបត្តិជំងឺកូវីដ ១៩។

គម្រោងនេះ មិនត្រឹមតែជាជំនួយអន្តរាគមន៍សង្គម ដែលនឹងជួយបង្កើតការងារ រយៈពេលខ្លីប៉ុណ្ណោះទេ តែថែមទាំងសម្រាប់ប្រជាជនក្រីក្រ តាមមូលដ្ឋានស្រូបយក ពលកម្ម ដែលបាត់បង់ការងារ ពីរោងចក្រ-សហគ្រាស និង ដែលបានវិលត្រឡប់ពីបរទេសមកស្រុកកំណើតវិញ ក៏ដូចជាជួយបង្កើតសមិទ្ធផលសេដ្ឋកិច្ច-សង្គម ជាហេដ្ឋារចនា-សម្ព័ន្ធផ្លូវលំ ប្រឡាយធារាសាស្រ្ត នៅតាមមូលដ្ឋានសម្រាប់ទ្រទ្រង់ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានផ្ទាល់តែម្តង។ គម្រោងនេះ នឹងរួមចំណែកដល់អនុវត្តគោលនយោបាយ ពង្រឹងភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីធានាចីរភាព កំណើនសេដ្ឋកិច្ចជាតិផងដែរ។

លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានពាំនាំសេចក្តីនឹករលឹក និងបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងយកចិត្តទុកដាក់ចំពោះជីវភាពប្រជាពលរដ្ឋ។

លោកក៏បានសំណូមពរ ឲ្យប្រជាពលរដ្ឋ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធជួយថែរក្សាសមិទ្ធផល ដែលទទួលបានក្រោមគម្រោងនេះ ប្រកបដោយភាពជាម្ចាស់ ព្រោះជាសមិទ្ធផលដែលកើតចេញពីកម្លាំងពលកម្មផ្ទាល់ របស់បងប្អូនប្រជាពលរដ្ឋ និងក៏ដើម្បីធានាចីរភាព និងការប្រើប្រាស់យូរអង្វែងផងដែរ៕