អភិបាលខេត្តកណ្ដាល ជួយដោះស្រាយសំណូមពររបស់ពលរដ្ឋនៅស្រុកកៀនស្វាយ ជុំវិញបញ្ហាផ្លូវ និងទឹកស្អាត


(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានយល់ព្រមទទួលយកការសំណូមពរ របស់ពលរដ្ឋនៅស្រុកកៀនស្វាយចំនួន២ចំណុច ដើម្បីជួយដោះស្រាយ ដែលមានបញ្ហាផ្លូវចំនួន២ខ្សែ និងបញ្ហាកង្វះខាតទឹកស្អាតប្រើប្រាស់ ខណៈដែលលោកក៏បានបញ្ជាឱ្យមន្ទីរ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវសិក្សាលម្អិត និងឈានដល់ការអភិវឌ្ឍន៍ឆាប់ៗនេះ។

ការយល់ព្រមទទួលយកសំណើនេះ នៅគ្រាដែលលោក គង់ សោភ័ណ្ឌ និងលោកស្រី ម៉ែន នារីវុឌ្ឍី ហូសិទ្ធី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រចំនួន១៥០គ្រួសារ និងផ្សព្វផ្សាយពីវិធានការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

ក្នុងពិធីនេះដែរលោក គង់ សោភ័ណ្ឌ ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាព អនាម័យខ្លួនប្រាណ ត្រូវអនុវត្ត ឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លងជំងឺផ្សេងៗពិសេសជំងឺកូវីដ-១៩។ ប្រសិនបើបងប្អូនមានរោគសញ្ញាក្តៅខ្លួនខ្លាំង ក្អក ឈឺបំពង់ក ហត់ ឬពិបាកដកដង្ហើម ត្រូវប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរ និងត្រូវទៅជួបគ្រូពេទ្យបង្អែក ដែលនៅជិតដើម្បីពិនិត្យ និងព្យាបាលបានទាន់ពេល ។

ទន្ទឹមនឹងសារនេះផងដែរ លោកស្រី ម៉ែន នារីវុឌ្ឍី ហូសិទ្ធី ក៏បានជំរុញដល់អាជ្ញាធរស្រុក ត្រូវបន្តធ្វើកិច្ចការនេះឲ្យជាប់ជាប្រចាំ ដោយធ្វើការផ្សព្វផ្សាយបញ្ជ្រាបព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យគាត់បានយល់ដឹងកាន់តែច្បាស់អំពីវិធានការការពារ ទប់ស្កាត់ អំពីការរីករាលដាលនៃជំងឺកូវីដ១៩ អាជ្ញាធរមូលដ្ឋានត្រូវធ្វើការ ផ្សព្វផ្សាយពីសេចក្តីណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលសាលាខេត្ត ដើម្បីជូនជាដំណឹងដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជា អាជ្ញាធរមានសមត្ថកិច្ចឱ្យគាត់បានយល់ដឹង និងអនុវត្តតាមបានត្រឹមត្រូវ។

សូមបញ្ជាក់ថា ពិធីនេះដែរលោកអភិបាលខេត្ត បាននាំយកថវិកាជូនដល់ប្រជាពលរដ្ឋទាំង១៥០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា១០ម៉ឺនរៀល រីឯលោកស្រី ម៉ែន នារីវុឌ្ឍី ហូសិទ្ធី ក៏បានជូនក្រម៉ាមួយ សាប៊ូ១ដុំ និងនំបាញ់ហយ មួយប្រអប់ផងដែរ៕