ក្រសួងសង្គមកិច្ចចុះ MoU ជាមួយអង្គការឆាលហ្វានកម្ពុជា ដើម្បីជួយកុមាររងគ្រោះ​ និងងាយសង្គ្រោះនៅកម្ពុជា


(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះហត្ថលេខាលើអនុស្សារណៈ នៃកិច្ចព្រមព្រៀង (MoU) ជាមួយអង្គការឆាលហ្វានកម្ពុជា ដើម្បីជួយក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយផ្តោតសំខាន់លើ ការជួយការពារកុមាររងគ្រោះ និងងាយគ្រោះ ។ អង្គការនេះ មានសុពលភាពនៃកិច្ចព្រមព្រៀងកម្រោងជាមួយក្រសួងសង្គមកិច្ច មានរយៈពេល០៣ឆ្នាំ ដែលមានថវិការអនុវត្តគម្រោងសរុប ៦៨៩.៧៤០ ដុល្លារសហរដ្ឋអាមេរិក

ពិធីចុះហត្ថលេខា នៃកិច្ចព្រមព្រៀង (MoU) នាពេលនេះ បានរៀបចំឡើងជាផ្លូវការ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាង ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការរួមពីថ្នាក់ដឹកនាំអង្គការ រួមនឹងមន្រ្តីរាជការពាក់ព័ន្ធ របស់ក្រសួងសង្គមកិច្ចជាច្រើនរូបទៀតផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម តូច ចាន់នី បានលើកឡើងថា ការចូលរួមសហការរបស់អង្គការដៃគូ ពិតជាសំខាន់ណាស់ ក្នុងការលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា។

បន្ថែមពីលើនោះ ឯកឧត្តម បានស្នើឲ្យក្រុមការងារក្រសួង និងអង្គការ ដែលសហការ នាពេលនេះរួមគ្នា ដើម្បីធ្វើការងារ ដោយយកចិត្តទុកដាក់ឲ្យខ្លាំងបំផុត តាមដែលអាចធ្វើបាន។ សម្រាប់ក្រសួង ស.អ.យ វិញនៅតែស្វាគមន៍ជានិច្ចជាមួយ ដៃគូពាក់ព័ន្ធ និងអង្គការនានា ដើម្បីជួយដល់កុមាររងគ្រោះនៅកម្ពុជា ឲ្យមានជីវភាព និងជីវិតរស់នៅ ល្អប្រសើរថែមមួយកម្រិតទៀត។