ឯកឧត្តម ផ្លោក ផន អញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយសារាចរណែនាំស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២១-២០២៣ និងសារាចរណែនាំស្ដីពីការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១


ព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយសារាចរណែនាំស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២១-២០២៣ និងសារាចរណែនាំស្ដីពីការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នៅទីស្ដីការក្រសួងធម្មការ និងសាសនា។
ក្នុងឱកាសនោះដែរ ក្នងនាមឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា៖ ក្នុងបរិការណ៍នៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យស្ថានភាពម៉ាក្រូសេដ្ឋកិច្ចពិបាកប៉ាន់ប្រមាណ រួមទាំងសម្រាប់កម្ពុជាផងដែរ, រាជរដ្ឋាភិបាលបានសម្រេចពន្យាពេលរៀបចំក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ និងសារាចរណែនាំស្ដីពីផែនការយុទ្ធសាស្រ្តថវិកា មករៀបចំរួមគ្នាជាមួយនឹងការរៀបចំសារាចរណែនាំស្ដីពីការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។