ព្រៃវែង៖ ពានរង្វាន់សម្ដេច ហ៊ុន សែនជ័យលាភីគ្រូល្អ និងនាយកល្អ ត្រូវបានប្រគល់ជូន បុគ្គលិកអប់រំពីររូបនៃខេត្តព្រៃវែង ដើម្បីលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូដែលមានស្នាដៃល្អក្នុងការបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារយ៉ាងអស់ពីកម្លាំងកាយចិត្តក្នុងការលើកកម្ពស់ការអប់រំ។
ពិធីប្រគល់ពានរង្វាន់ និងប័ណ្ណសរសើរនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយវត្តមានឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងប្រតិភូអប់រំជាច្រើនរូប។ ម្ចាស់ជ័យលាភីពានរង្វាន់ និងប័ណ្ណសរសើរមានចំនួន២រូប៖
– លោក ឈន់ ផេន គ្រូបង្រៀននៅវិទ្យាល័យ មេសាង ខេត្តព្រៃវែង ទទួលបានពានរង្វាន់គ្រូល្អចំណាត់ថ្នាក់លេខ៥
- លោកស្រី ប៉ុល ផលវណ្ណនី នាយិកាសាលាបឋមសិក្សាព្រៃវែងក្រុង ទទួលបានប័ណ្ណសរសើរនាយកល្អ។
ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នាយកសាលាល្អ គ្រូបង្រៀនល្អ បានចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំសិក្សា២០១៣-២០១៤មកម្ល៉េះ និងឆ្នាំសិក្សាបន្ទាប់មានពានរង្វាន់ គ្រូបង្រៀនល្អភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ទី១-៣ និងសាលារៀនស្អាត៕
១៧ មិថុនា ២០២០ | វិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែង