ពិធី​ប្រគល់​ពាន​រង្វាន់​ជ័យលាភី​សម្តេច​តេជោ ហ៊ុន សែន ជូន​ដល់​​​នាយក​ល្អ និង​គ្រូ​បង្រៀន​ល្អ


ព្រៃវែង៖ ពាន​រង្វាន់​សម្ដេច ហ៊ុន សែន​ជ័យ​លាភី​គ្រូ​ល្អ និង​នាយក​ល្អ ត្រូវ​បាន​ប្រគល់​ជូន ​បុគ្គលិក​អប់រំ​ពីរ​រូប​នៃ​ខេត្ត​ព្រៃវែង ដើម្បី​លើក​ទឹក​ចិត្ត​ដល់​លោកគ្រូ​អ្នក​គ្រូ​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​​​បាន​ខិតខំ​ប្រឹងប្រែងបំពេញ​ភារកិច្ច​ការងារ​យ៉ាង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​លើក​កម្ពស់​ការ​អប់រំ​។

ពិធី​ប្រគល់​ពាន​រង្វាន់​​ និង​ប័ណ្ណ​សរសើរ​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា រួម​ជាមួយ​វត្តមាន​ឯកឧត្តម ជា សុមេធី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រៃវែង និង​ប្រតិភូ​អប់រំ​ជា​ច្រើន​រូប​​។ ម្ចាស់​ជ័យលាភី​ពាន​រង្វាន់ និង​ប័ណ្ណ​សរសើរ​មាន​ចំនួន​២​រូប៖

– លោក ឈន់ ផេន គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ មេសាង ខេត្ត​ព្រៃវែង ទទួល​បាន​ពាន​រង្វាន់​គ្រូ​ល្អ​ចំណាត់​ថ្នាក់​លេខ​៥
​- លោក​ស្រី ប៉ុល ផលវណ្ណនី នាយិកា​សាលា​បឋម​សិក្សា​ព្រៃ​វែង​ក្រុង ទទួល​បាន​ប័ណ្ណ​សរសើរ​នាយក​ល្អ។ ​​

ពាន​រង្វាន់​សម្ដេច​តេជោ ហ៊ុន សែន នាយក​សាលា​ល្អ គ្រូ​បង្រៀន​ល្អ បាន​ចាប់​ផ្ដើម​អនុវត្ត​តាំង​ពី​ឆ្នាំ​សិក្សា​២០១៣-២០១៤​មក​ម្ល៉េះ និង​ឆ្នាំ​សិក្សា​​បន្ទាប់​មាន​ពាន​រង្វាន់​ គ្រូ​បង្រៀន​ល្អ​ភាសា​ខ្មែរ និង​គណិតវិទ្យា​ថ្នាក់​ទី​១-៣ និង​សាលា​រៀន​ស្អាត៕

១៧ មិថុនា ២០២០ | ​​វិទ្យាល័យ​ព្រះអង្គ​ឌួង ខេត្ត​ព្រៃវែង