ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះពិនិត្យស្ថានភាពទឹក និងបើកទ្វារទឹកអាងទឹកស្ទឹងស្រែងជំហានទី២


ដោយមានការសំណូមពរជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរដែនដី និងប្រជាកសិករអំពីតម្រូវការទឹកស្រោចស្រពដំណាំស្រូវ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងស្រុកស្រីស្នំ ខេត្តសៀមរាប ។ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះពិនិត្យស្ថានភាពទឹក និងបើកទ្វារទឹកអាងទឹកស្ទឹងស្រែងជំហានទី២ បរិមាណទឹកនៅសល់៦០% ស្ថិតនៅឃុំពង្រ ស្រុកចុងកាល់ ទម្លាក់ទឹកមកអាងទឹកស្ទឹងស្រែងជំហានទី១ បរិមាណទឹកនៅសល់៣៥% ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់ និងបន្តពិនិត្យមើលសំណង់ចែកចាយទឹកលើប្រឡាយមេស្ទឹងស្រែងជំហានទី១ខាងលិច និងខាងកើត គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ មានរយៈពេល៦ខែហើយ ដែលក្រុមការងារមន្ទីរ បានបញ្ជូនទឹកជាប្រចាំទៅឲ្យស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងផ្នែកមួយចំនួននៃស្រុកស្រីស្នំ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ដោយពិនិត្យឃើញថាអាងទឹកខាងលើពុំទាន់ទទួលបាននូវបរិមាណទឹកដែលបានមកពីរបបទឹកភ្លៀងគ្រប់គ្រាន់នៅឡើយ មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ សូមសំណូមពរដល់បងប្អូនប្រជាកសិករនៅផ្នែកខាងក្រោមដែលកំពុងប្រើប្រាស់ប្រភពទឹកនេះ មេត្តាប្រើប្រាស់ដោយសន្សំសំចៃ និងចំគោលដៅ បើពុំដូចច្នោះទេ និងជួបបញ្ហាប្រឈមកង្វះខាតទឹកសម្រាប់ជួយសង្រ្គោះដំណាំស្រូវក្នុងកូនរដូវប្រាំងនាពេលខាងមុខ ៕