ប្រតិភូគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ និងកំពុងធ្វើចត្តឡីស័ក ១៤ថ្ងៃ


(ខេត្តសៀមរាប-ក្រឡាញ់)៖ ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ប្រតិភូគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ អមដំណើរដោយថ្នាក់ដឹកនាំ អគ្គលេខាធិការ គ.ជ.ប.ជ រដ្ឋបាលសាលាខេត្ត ដោយមានការអញ្ជើញចូលរួមរបស់ លោកស្រី យូ សុភា អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ លោកស្រី អភិបាល ស្រុក អាជ្ញាធរមូលដ្ឋាន តំណាងយុវជនស.ស.យ.ក និងតំណាងពីអង្គការអាយអូអឹម ផងដែរ នៅមណ្ឌលចាត្តឡីស័ក វិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ និងកំពុងធ្វើចត្តឡីស័ក ១៤ថ្ងៃ ។

មានប្រសាសន៍ ក្នុងពិធីសំណេះសំណាលជាមួយពលករដែលទើបវិលត្រឡប់ពីប្រទេសថៃនាពេលនោះ លោកជំទាវ ជូ ប៊ុនអេង បានថ្លែងលើកទឹកចិត្ត និងជំរុញដល់បងប្អូនប្រជាពលរដ្ឋខាងលើ ឲ្យចូលរួមសហការជាមួយរដ្ឋាភិបាលកម្ពុជា លើការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយបងប្អូនត្រូវតែធ្វើចាត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ទាប់ពីបងប្អូនត្រឡប់ពីក្រៅប្រទេស, ត្រូវរក្សាគម្លាត ធ្វើអនាម័យឲ្យបានជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ បងប្អូនត្រូវផ្អាកការធ្វើចំណាកស្រុកទៅក្រៅប្រទេសមួយរយៈសិន ពិសេសត្រូវបញ្ឈប់ការធ្វើចំណាកស្រុកខុសច្បាប់តាមរយៈមេខ្យល់ ដោយប្រថុយប្រថាន ដែលជាហានិភ័យនាំមកនូវគ្រោះថ្នាក់ជាយថាហេតុណាមួយដល់បងប្អូន។ លោកជំទាវបានបន្ថែមទៀតថា ស្ថានភាពនៃការរីករាលនៃជំងឺកូវិដ១៩ នៅលើពិភពលោក មិនទាន់ផុតរលត់នៅឡើយទេ ដូច្នេះបងប្អូនអាចរស់នៅក្នុមូលដ្ឋានព្រមជាមួយការដាំដុះ ចិញ្ចឹមសត្វ ផ្គត់ផ្គង់ជីវភាព និងអាចរកការងារធ្វើនៅក្នុងប្រទេស ដោយទំនាក់ទំនងជាមួយតាមរយៈមជ្ឈមណ្ឌលការងារ ឬមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាបក៏បាន។ មួយវិញទៀត លោកជំទាវបានជំរុញឲ្យអាជ្ញារខេត្ត ស្រុក ពិនិត្យមើលស្ថានភាពគ្រួសារប្រជាពលរដ្ឋដែលទើបវិលត្រឡប់មកពីក្រៅប្រទេស និងសហការជាមួយអ្នកពាក់ព័ន្ធ ក្នុងការដោះស្រាយលើបញ្ហាជីវភាព ការផ្តល់ជាជំនាញវិជ្ជាជីវៈ និងផ្សព្វផ្សាយអំពីឱកាសការងារក្នុងស្រុក។ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តសៀមរាប អាជ្ញាធរស្រុកក្រឡាញ់ សមត្ថកិច្ច អង្គការដៃគូជាតិ អន្តរជាតិ ។

សម្ភារប្រើប្រាស់មួយចំនួន ដែលចែកជូន គឺមានការចូលរួមឧបត្ថម្ភពី អង្គការ UNFPA និងអង្គការ IOM និងអង្គការដៃគូដទៃទៀត ជូនដល់បងប្អូន ចំនួន១០០នាក់ ផងដែរ ដោយក្នុងនោះ ម្នាក់ៗទទួលបាន សាប៊ូលាងដៃ សាប៊ូដុសខ្លួន សាប៊ូម្សៅ ជេលលាងដៃ សារុង ក្រមា ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ មុង និងសម្ភារមួយចំនួនទៀត និងបានផ្តល់ជូនម៉ាស ជេល និងអាកុល ដល់ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលវិទ្យាល័យក្រឡាញ់ផងដែរ។