ដីទួលចំបុី ឃុំកោះរការ ជាង៦ ហិកតា ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា ប្រើនយោឈ្នះឈ្នះ សម្តេចតេជោ កាត់ជូនពលរដ្ឋ២៤ គ្រួសារ ទទួលដោយក្តីរីករាយ


ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមនឹងថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២០ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរស្រុកកំពង់សៀម និងឃុំកោះរការ បានចុះពិនិត្យដោះស្រាយវិវាទដីធ្លីមួយកន្លែងទំហំជាង ៦ហិកតា ជូនប្រជាពលរដ្ឋ២៤ គ្រួសារ ដែលបានធ្វើការអាស្រ័យផលកន្លងមក នៅតំបន់ទួលចំប៉ី ស្ថិតក្នុងភូមិថ្មី ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានចាត់ឲ្យជំនាញសូរិយោដី សហការជាមួយអាជ្ញាធរឃុំ ស្រុក ធ្វើការវាស់វែងចេញប័ណ្ណកម្មសិទ្ធិជូនបងប្អូនទាំង២៤ គ្រួសារ ឲ្យបានគ្រប់ៗគ្នា ព្រោះថា បងប្អូនទាំង២៤ គ្រួសារខាងលើពិតជាបានធ្វើការអាស្រ័យផលជាច្រើនឆ្នាំមកហើយ។

បងប្អូនប្រជាពលរដ្ឋទាំង២៤ គ្រួសារ មានការសប្បាយរីករាយជាពន់ពេក និងបានថ្លែងអំណរអរគុណចំពោះប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរអំពីសុខទុក្ខរបស់ពួកគាត់ និងបានប្រគល់ដីធ្លីនៅចំនុចខាងលើមកធ្វើជាកម្មសិទ្ធិស្របច្បាប់។

ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំង២៤ គ្រួសារ សូមថែរក្សាការពារដីខាងលើឲ្យបានគង់វង្ស សូមកុំមានការលក់ដូរ ដោយទុកដីនេះសម្រាប់អាស្រ័យផលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យមានភាពល្អប្រសើរ។