គណៈកម្មាធិការដឹកនាំដំណើរការអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក បើកកិច្ចប្រជុំដំបូងរបស់ខ្លួន


ថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម កឹម បុរី អនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញដឹកនាំកិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការដឹកនាំដំណើរការអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក ដោយមានការចូលរួមពីក្រសួងសា្ថប័នពាក់ព័ន្ធ។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីប្រកាសសុពលភាពសមាសភាពគណៈកម្មាធិការ និងជជែកពិភាក្សាលើរបៀបវារៈមួយចំនួនដែលជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថាប័ន-ភាគីពាក់ព័ន្ធសំខាន់ៗរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក ទាក់ទងនឹងស្តង់ដារគុណភាពបញ្ចេញទឹកកខ្វក់ពីស្ថានីយប្រព្រឹត្តកម្ម យន្តការកំណត់តម្លៃសេវាទឹកកខ្វក់ គំនិតផ្តួចផ្តើមនៃការដាក់បញ្ចូលតម្លៃសេវាទឹកកខ្វក់ចូលក្នុងវិក្កយបត្រទឹកស្អាត និងការពង្រឹងការផ្តល់សេវាការគ្រប់គ្រងសំណល់ភក់ពីបង្គន់។

ឯកឧត្ដមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា ដើម្បីធានាប្រយោជន៍សុខភាពសាធារណៈ អនាម័យនៅក្នុងទីក្រុង និងដើម្បីបំពេញបន្ថែមលើការវិនិយោគដោយធនាគារអភិវឌ្ឍន៍អាស៊ី រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំការគាំទ្រពីធនាគារពិភពលោក សម្រាប់ការអភិវឌ្ឍ និងសាងសង់បណ្តាញលូខ្នែង និងខ្នែងរងនៅទូទាំងទីក្រុង ដើម្បីចូលរួមចំណែកធានាឱ្យបាននូវបរិស្ថានស្អាត សុខភាពអនាម័យសាធារណៈល្អប្រសើរ លើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ចំណុចទី ៦ ធានានូវការទទួលបាន និងការគ្រប់គ្រងទឹក និងអនាម័យប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា។

គួរកត់សម្គាល់ថា គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ មានហិរញ្ញប្បទាន ៥៥ លានដុល្លារអាមេរិក បែងចែកជាពីរសមាសភាគ សមាសភាគទី១ ផ្នែកការផ្គត់ផ្គង់ទឹកស្អាត អនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលគ្រោងនឹងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ស្រុកស្ទោង និងស្រុកសន្ទុក ខេត្តកំពង់ធំ ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម ខេត្តសៀមរាប ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ក្នុងខេត្តកំពង់ឆ្នាំង។

ចំណែកឯសមាសភាគទី២ ផ្នែកអនាម័យ គឺអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ផ្តោតការយកចិត្តទុកដាក់លើការគាំទ្រដល់ការអភិវឌ្ឍ និងសាងសង់បណ្តាញលូខ្នែង ដែលត្រូវតភ្ជាប់ទៅប្រព័ន្ធលូមេបច្ចុប្បន្នក្នុងទីក្រុងសៀមរាប ដើម្បីឱ្យលំនៅឋាន និងទីតាំងអាជីវកម្មអាចតភ្ជាប់ដោយផ្ទាល់ទៅនឹងប្រព័ន្ធលូក្រុង។

ឯកឧត្តមអនុរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា យើងត្រូវស្វែងរកប្រភពថវិកាពីដៃគូអភិវឌ្ឍន៍នានាក្នុងការសាងសង់បណ្តាញលូ ស្ថានីយបូម និងស្ថានីយប្រព្រឹត្តកម្ម ការចូលរួមពីបងប្អូនប្រជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវ និងភាពជាម្ចាស់ មានច្បាប់និងលិខិតបទដ្ឋានគតិយុត្តិគ្រប់គ្រងសំណល់ សហការជាមួយវិស័យឯកជន និងពង្រឹងសមត្ថភាពរបស់ប្រតិបត្តិករ ។

ឯកឧត្ដមអនុរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារពិភពលោក ដែលជាដៃគូសហការយូរអង្វែងសំខាន់មួយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងបណ្តាខេត្តអាទិភាពមួយចំនួនតាមរយៈគម្រោងខាងលើនេះ។