កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស បានដោះស្រាយលើសំណួរ និងសំណូមពរប្រជាពលរដ្ឋបានចំនួន ២១៤សំណួរ និងសំណូមពរ


កាលពីថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ន លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត នាយក/នាយករងរដ្ឋបាលខេត្ត ប្រធានការិយាល័យជំនាញពាក់ព័ន្ធ លោក លោកស្រី អភិបាលក្រុង/ស្រុក រួមមាន តំណាងអាជ្ញាធរជាតិអប្សារា តំណាងគ្រិះស្ថានអង្គរ និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈដូចខាងក្រោម៖
ក- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំរបស់គណៈកម្មាធិការ សម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ (ខែសីហា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២០)។
ខ- ពិនិត្យ និងធ្វើបច្ចុប្បន្នភាព នៃការដោះស្រាយលើសំណួរ-សំណូមពរ ដែលបានលើកឡើងក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ឆ្នាំ២០១៨ និងអាណត្តិទី៣ឆ្នាំ២០១៩។
ឃ- បញ្ហាផ្សេងៗ និងមតិបូកសរុប និងបិទអង្គប្រជុំ ដោយ លោកប្រធាននៃអង្គប្រជុំ។
បន្ទាប់ពីអនុម័តលើរបៀបវារៈខាងលើរួច អង្គប្រជុំបានពិនិត្យ និងពិភាក្សាគ្នាយ៉ាងផុលផុសលើបញ្ជីសំណួរ សំណូមពរដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងកន្លងមក។ ជាមួយគ្នានេះដែរ អង្គប្រជុំបានធ្វើការដោះស្រាយបានចំនួន ៥៧សំណួរ សំណូមពរ នៅតាមដានបន្ត ១១០ និងនៅសល់ ៩៦សំណួរ សំណូមពរ។ ដោយឡែក សំណួរ សំណូមពរនៅឆ្នាំ២០១៨ អង្គប្រជុំបានដោះស្រាយរួចរាល់ទាំងអស់ចំនួន ២៧៤សំណួរ សំណូមពរ។ ដើសូមបញ្ជាក់ថា សំណួរ សំណូមពរដែលបានដោះស្រាយរួច អង្គប្រជុំបានអនុម័តលុបចោលចំនួន ៣៣១ ហើយសំណួរ សំណូមពរ ក្នុងនោះ លុបចោលដោះស្រាយរួចរាល់ ២១៤ លុបចោលដោយគ្មានកញ្ចប់ថវិកាចំនួន ៥៩ និងបញ្ជូនទៅគណៈកម្មការរដ្ឋបាល ១ករណី ហើយសំណួរ សំណូមពរទាំងនេះ ក្រុមការងារនឹងធ្វើសេចក្តីជូនដំណឹងនិងបិទផ្សាយនៅមូលដ្ឋានសំណួរផ្ទាល់ផងដែរ។
លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហារបស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកក៏បានជំរុញបន្ថែមដល់មន្ទរ អង្គភាព ក្រុង ស្រុកត្រូវបន្តធ្វើការដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានលឿននិងមានប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនឹងនេះ លោក ក៏បានសង្កត់ធ្ងន់ដល់មន្ទីរ អង្គភាព ក្រុង ស្រុក ត្រូវធ្វើការដោះស្រាយការងារក្នុងសេចក្តីសម្រេចរបស់អង្គសន្និបាតដែលបានដាក់ចេញកន្លងមក។ ម្យ៉ាងទៀត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរៀបចំសញ្ញាសម្គាល់ស្របទៅតាមមូលដ្ឋានរបស់ខ្លួនតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ៕