ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចូលក្រាបបង្គុំ សម្តេចព្រះឧត្តមបញ្ញា ព្រះចៅអធិការវត្តព្រែកប្រាំង ស្រុកពញាឮ ខេត្តកណ្តាល និងត្រួតពិនិត្យទីតាំងសម្រាប់រៀបចំមជ្ឈមណ្ឌលភូមិ១ផលិតផល១ លើវិស័យចម្លាក់ប្រាក់-ស្ពាន់ខ្មែរ


នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយឯកឧត្តម អ៊ុក ទី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មន្ត្រីជំនាញរបស់នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល និងតំណាងអ្នកផលិតចម្លាក់ប្រាក់-ស្ពាន់នៅឃុំកោះចិន បាននាំយកចង្ហាន់ និងទ័យទាន ចូលក្រាបបង្គុំ និងថ្វាយប្រគេនសម្តេចព្រះឧត្តមបញ្ញា ដួង ផង់ ព្រះចៅអធិការវត្តមហានន្ទិយនេរញ្ចរារាមនិវេទ ហៅវត្តព្រែកប្រាំង ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល ក្នុងពិធីចូលព្រះវស្សា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានទូលថ្វាយអំពីគោលបំណងរបស់ក្រុមការងារ ជូន សម្តេចព្រះឧត្តមបញ្ញា ក្នុងការអភិវឌ្ឍ និងអភិរក្សវិស័យចម្លាក់ប្រាក់-ស្ពាន់ខ្មែរ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល។ បន្ទាប់មក សម្តេចសង្ឃបានមានព្រះថេរដីការអំពីប្រវត្តិនៃវិស័យចម្លាក់ប្រាក់-ស្ពាន់ ដែលមានដើមកំណើតតាំងពីដំណើរកកើតកម្ពុជរដ្ឋ ពិសេសបានសង្កត់ធ្ងន់ក្នុងសម័យឧត្តុង្គ ដែលព្រះមហាក្សត្រតាំងរាជធានីនៅភ្នំព្រះរាជទ្រព្យ ដូច្នេះហើយទើបបានជាភូមិសាស្ត្រនេះ សម្បូរទៅដោយជាងទងដ៏ប៉ិនប្រសព្វ និងមានទឹកដៃល្អៗជាច្រើនក្នុងការចម្លាក់ប្រាក់ និងស្ពាន់រហូតមកដល់បច្ចុប្បន្ន។
បន្ទាប់មក ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបានចុះពិនិត្យទីតាំងជាក់ស្តែង និងបានជម្រាបពីគោលបំណងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំចងក្រងសមាគម និងបង្កើតទៅជាមជ្ឈមណ្ឌលភូមិមួយផលិតផលមួយលើវិស័យចម្លាក់ប្រាក់-ស្ពាន់ខ្មែរ និងបានសាកសួរអំពីស្ថានភាពទីផ្សារក្នុងកំឡុងវិបត្តិកូវីឌ-១៩ សិក្សាពីសិល្បៈដាប់ឆ្លាក់របស់ជាងទង ស្របតាមក្បាច់រចនារបស់ខ្មែរ និងទីផ្សារបញ្ជាទិញ របស់អ្នកផលិតនៅឃុំកោះចិន និងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។