សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩ នៅអំឡុងពេលចូលវស្សា


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ជនរួមជាតិខ្មែរ ឱ្យមានការកាពារសុខភាពរបស់ខ្លួន កុំឱ្យឆ្លងជំងឺកូវីដ១៩ នៅក្នុងអំឡុងពេលចូលវស្សានេះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ សូមបងប្អូនបន្តប្រុងប្រយ័ត្នការពារសុវត្ថិភាពសុខភាព កុំអោយឆ្លងជំងឺកូវីដ១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹល ហើយពាក់ម៉ាសការពារខ្លួនអោយបានត្រឹមត្រូវ។ មកទល់ពេលនេះ ពិភពនៅមិនទាន់មានថ្នាំព្យាបាលកូវីដ១៩ នៅឡើយទេ ហើយចំនួនអ្នកឆ្លងរោគរាតត្បាតនេះ គឺបានកើនឡើងគួរអោយព្រួយបារម្ភខ្លាំងណាស់

សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ញើសេចក្តីនឹករឮកដល់បងប្អូនជនរួមជាតិ និងព្រះសង្ឃគ្រប់ព្រះអង្គដែលកំពុងគង់ចាំព្រះវស្សាចាប់ពីថ្ងៃទី០៥ ខែកក្កដា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ ឮ២០២០។ សម្តេចតេជោ បានថ្លែងអំណរគុណប្រជាពលរដ្ឋ ឧបាសកឧបាសិកា ដែលបាននាំយកទៀនព្រះវស្សានឹងទ័យទានចង្ហាន់ជាច្រើនទៀតប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាម ជាពិសេសវត្តនៅតាមតំបន់ឆ្ងាយដាច់ស្រយាល។

ជាមួយគ្នានេះដែរ សម្តេចអរគុណសមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងមន្រ្តីសមាជិកសមាជិការគណបក្សប្រជាជនដែលបានចូលរួមចែករំលែកនូវអំណោយជាអង្ករ មី ត្រីខ ម៉ាស សាប៊ូ ចឹល ក្រម៉ា និងថ្នាំពេទ្យចែកជូនដល់បងប្អូនក្រីក្រដែលកំពុងខ្វះខាតនៅទូទាំងប្រទេស។