សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃវត្តចំពុះក្អែក


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី អមដោយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត នៅរសៀលថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ដែលជាថ្ងៃបុណ្យចូលព្រះវស្សានេះ បាននាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារ បរិក្ខាជាច្រើនមុខ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តមុនីសុវណ្ណ ហៅចំពុះក្អែក ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដ៏មានសារសំខាន់ក្នុងព្រះពុទ្ធសាសនា។ ជាពេលវេលា ដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទរយៈពេលប្រមាណជា៣ខែ។ ពិធីបុណ្យចូលព្រះវស្សា គឺជាការរៀបចំឱ្យឈប់សម្រាកនៅទីណាមួយ ឬក្នុងវត្តអារាមណាមួយ ក្នុងរយ:ពេល៣ខែក្នុងរដូវធ្លាក់ភ្លៀង និងមិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្ត ត្រលប់មកវិញក្នុងរយ:ពេល ៧ថ្ងៃ។

ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ បងប្អូន ចាស់ទុំ ចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា សម្ភារប្រគេនព្រះសង្ឃ។

ប្រជាពុទ្ធបរិស័ទខ្មែរ ដែលជាអ្នកមានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនា នៅមុនឈានមកដល់នៃកាលបរិច្ឆេទចូលព្រះវស្សានេះ តែងបាននាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ដែលមិនមានការនិមន្តបិណ្ឌបាត្រនេះ។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជាពុទ្ធសាសនិក ដែលមានជំនឿយ៉ាងមុតមាំចំពោះព្រះពុទ្ធសាសនា។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារតែងតែនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃនៅតាមទីអាតាមនានាជារៀងរាល់ឆ្នាំ ពេលគង់ចាំព្រះវស្សារយៈពេល៣ខែនេះ។

ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានត្រូវបានធ្វើឡើងតាមលំអានព្រះពុទ្ធសាសនាខ្មែរ។ ក្នុងឱកាសនោះក៏មានការសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រឡាញ់ និងមន្ត្រីរាជការដែលបានអញ្ជើញចូលរួមផងដែរ។

កាយវិការប្រកបដោយសទ្ធាជ្រះថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការនាំយកនូវទៀនព្រះវស្សា និងទេយ្យទាននេះ ដើម្បីជួយផ្គត់ផ្គង់ដល់ចង្ហាន់ព្រះសង្ឃ និងជួយទ្រទ្រង់ដល់ព្រះពុទ្ធសាសនាហើយនោះ។ ការនាំយកទៀនព្រះវស្សា និងទេយ្យទានទាំងនេះ ដើម្បីប្រមូលនូវបុណ្យកុសលទាំងឡាយកើតចេញពីសទ្ធាជ្រះថ្លានេះ ក៏ដើម្បីប្រមូលបុណ្យកុសលឧទ្ទិសជូនវិញ្ញាណក្ខន្ធលោកឪពុក អ្នកម្តាយ ជីដូនជីតា ញាតិការទាំង៧សណ្តាន និងជូនដល់វិញ្ញាណក្ខន្ធបុព្វបរុសខ្មែរ យុទ្ធជន យុទ្ធនារីខ្មែរទាំងឡាយ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិឱ្យបានទៅកាន់សុគតិភព និងទីឋានដ៏គាប់ប្រសើរ៕