ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រគល់ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ ចំនួន៤ពាន់ឈុត ជូនក្រសួងសុខាភិបាល ដើម្បីចូលទប់ស្កាត់ជំងឺកូវីដ១៩


(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធនាំយកឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន ៤,០០០ឈុត (Kits) ប្រគល់ជូនក្រសួងសុខាភិបាល។

ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩នេះ ជាអំណោយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានធ្វើពិធីប្រគល់-ទទួល នៅស្តីការក្រសួងសុខាភិបាលដោយ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ បានអញ្ជើញទទួលផ្ទាល់។

សូមជម្រាបជូនថា ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩នេះ ជាឧបករណ៍ផលិតឡើងតាមបច្ចេកវិជ្ជារបស់សាធារណរដ្ឋកូរ៉េ ប្រគល់ជូនក្រសួងសុខាភិបាលជាប្រយោជន៍ សាធារណៈដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩។ លើសពីនេះទៀតការប្រគល់អំណោយជាសម្ភារនេះ គឺជាការបង្ហាញនូវកិច្ច សហប្រតិបត្តិការ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយសាមគ្គីភាព និងគុណធម៌ដែលអាចឆ្លើយតបទៅនឹងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ដែលជាបញ្ហា ប្រឈមរបស់សកលលោក។

សូមបញ្ជាក់ដែរថា គិតមកដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុប១៤១នាក់។ ប៉ុន្តែអ្នកជំងឺសរុប ១៣១នាក់ហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយនៅសល់តែ ១០នាក់ទៀតប៉ុណ្ណោះកំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីកងទ័ពអាវសដ៏អង់អាចរបស់កម្ពុជា៕