នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព បានសហការជាមួយកម្មវិធីអភិវឌ្ឍសហប្រជាជាតិ UNDP បានធ្វើការផ្សព្វផ្សាយតាមរយៈផ្ទាំងបដា ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក នៅខេត្តកែប


នាវេលាព្រឹក ថ្ងៃអង្គារ ២រោច ខែអាសាឍ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព បានសហការជាមួយកម្មវិធីអភិវឌ្ឍសហប្រជាជាតិ UNDP ក្រោមគម្រោងជំរុញ​បរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍន៍ដោយចីរភាព(BESD) បានធ្វើការផ្សព្វផ្សាយតាមរយៈផ្ទាំងបដា ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក នៅខេត្តកែប តាមទីតាំងមួយចំនួនដូចជា (១)ប្រជុំជនផ្សារសេះស (២)ប្រជុំជនផ្សារក្តាម (៣)មុខឆ្នេរលេងទឹកសមុទ្រ (៤)មុខឆ្នេរជ្រោយដូង និង(៥)មុខផ្សារដំណាក់ចង្អើរ ក្រោមអធិបតីភាពលោកជំទាវ ងិន លីណា អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព​ និងលោកស្រី Moeko Saito-Jensen តំណាងអង្គការអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ព្រមទាំងការចូលរួមពីមន្ត្រីតំណាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ សាលាក្រុង និងយុវជន ប្រមាណ ៦០នាក់។
លោកជំទាវ ងិន លីណា បានថ្លែងចំណាប់អារម្មណ៍អំពីគោលបំណងនៃផ្ទាំងផ្សព្វផ្សាយ ដោយបង្ហាញនូវយុទ្ធសាស្រ្តថ្មីរបស់ក្រសួងបរិស្ថានក្នុងការគ្រប់គ្រង និងការកាត់បន្ថយសំណល់ ក៏ដូចជាសំណល់ប្លាស្ទិក ដោយប្រែក្លាយពីយុទ្ធសាស្ត្រ 3R ទៅជាយុទ្ធសាស្ត្រ 5R ក្នុងការពង្រឹងការគ្រប់គ្រងសំណល់ដែលគិតគូពីការចាប់ផ្តើមការប្រើប្រាស់ និងការគ្រប់គ្រងសំណល់។ លោកជំទាវ ក៏បានលើកទឹកចិត្ត និងជំរុញប្អូនៗយុវជនទាំងអស់ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន និងជាអ្នកជួយអប់រំបន្តទៅដល់មិត្តភក្តិ ក្រុមគ្រួសារ ក៏ដូចជាសហគមន៍របស់ពួកគាត់ ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក ធ្វើយ៉ាងណាបន្តជំរុញ ខេត្តកែបជាខេត្តដែលធ្លាប់ទទួលបានរង្វាន់អាស៊ី «ទីក្រុងស្អាត» មានអនាម័យល្អ ឆ្នេរស្អាតគ្មានសំរាម និងកម្ពស់សោភ័ណភាពក្រុងបន្ថែមទៀត និងឈានទៅទទួលបានពានរង្វាន់ទីក្រុងស្អាតនាឆ្នាំខាងមុខទៀត។