ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តកម្ចី២៥០លានដុល្លារ ដើម្បីគាំទ្រកម្ពុជា ក្នុងការឆ្លើយតបនឹង COVID-19


(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី០៨ ខែកក្កដានេះ បានអនុម័តកម្ចីចំនួន២៥០លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងជំងឺរាតត្បាត ដែលបង្កដោយវីរុសកូរ៉ូណា (COVID-19) តាមរយៈការពង្រឹងប្រព័ន្ធគាំពារសុខភាពក្នុងប្រទេស បង្កើនជំនួយសង្គម ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ព្រមទាំងផ្តល់ការ គាំទ្រសេដ្ឋកិច្ច សម្រាប់អាជីវកម្ម ដែលរួមមាន សហគ្រាសខ្នាតតូច និងមធ្យមផងដែរ។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការគាំទ្រនេះ នឹងជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយ ឥទ្ធិពលអវិជ្ជមាន នៃជំងឺរាតត្បាតនេះ លើសុខភាព សង្គម និងសេដ្ឋកិច្ច។

លោក Masatsugu Asakawa ប្រធានធានាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងថា «កម្ពុជាមានកំណត់ត្រា នៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចល្អ ប៉ុន្តែ COVID-19 គំរាមធ្វើឲ្យថយចុះ នូវការរីកចម្រើន ក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសក្នុងចំណោមក្រុមងាយរងគ្រោះ ដូចជាស្រ្តី និងកម្មករចំណាកស្រុក។ កម្ចីនេះជាផែនការ ចូលរួមរយៈពេលវែងរបស់ ADB ដែលផ្តោតទៅលើ ការគាំទ្រការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ច និងនិរន្តរភាពហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា»

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបន្ថែមទៀតថា ប្រទេសកម្ពុជា ងាយរងគ្រោះខ្លាំង ពីផលប៉ះពាល់អវិជ្ជមាននៃ COVID-19 ដោយសារសេដ្ឋកិច្ចបើក ចំហមូលដ្ឋានសេដ្ឋកិច្ចចង្អៀត និងប្រជាពលរដ្ឋចល័តច្រើន។

ADB រំពឹងថា សេដ្ឋកិច្ចកម្ពុជា អាចធ្លាក់ចុះក្នុងរង្វង់ -៥,៥% ក្នុងឆ្នាំ២០២០ ដោយសារការថយចុះ នៃវិស័យទេសចរណ៍ ការនាំចេញសំលៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ តិចជាងមុន និងការចុះថយនៃសកម្មភាពសំណង់។ ហានិភ័យនៃ ការធ្លាក់ចុះនេះអាចនឹងនាំឲ្យប្រជាពលរដ្ឋប្រមាណ ១,៣លាននាក់ ទៀតធ្លាក់ក្នុងភាពក្រីក្រ។

កាលពីខែមីនា កម្ពុជាប្រកាសដំណើរការ ការឆ្លើយតបស៊ីជម្រៅ ទៅនឹង COVID-19 ជាមួយនឹងកញ្ចប់ថវិកាវិធានការដំបូងសរុប ៨១៥,៧លានដុល្លា ដែលស្មើនឹង ៣,២% នៃផលិតផលក្នុងស្រុកសរុប រំពឹងទុកសម្រាប់ឆ្នាំ២០២០។

ទាំងនេះ រួមបញ្ចូលនូវការគាំទ្រ ទៅលើប្រព័ន្ធសុខាភិបាល ដើម្បីត្រៀមបង្ការ ការកើនឡើងនៃករណី COVID-19 ហើយសម្រាប់កម្មករ និងសហគ្រាស ដែលរួមមានការចាក់បញ្ចូលដើមទុន១៥០លានដុល្លារ ដើម្បីគាំទ្រធនាគារដែលផ្តល់កម្ចី ដល់អាជីវកម្មខ្នាតតូច និងមធ្យម។

កញ្ចប់ថវិកាគាំទ្រនេះ រួមមាន៖ ៣០០លានដុល្លារ សម្រាប់ការផ្តល់ជំនួយជាសាច់ប្រាក់ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានក្នុងបញ្ជីទិន្នន័យ របស់រាជរដ្ឋាភិបាល។ បញ្ជីទិន្នន័យ (IDPoor) នេះ មានបញ្ចូលគ្រួសារក្រីក្រ ២.៤លានគ្រួសារ ហើយកំពុងត្រូវបានបញ្ចូលបន្ថែមគ្រួសារ ដែលរងប៉ះពាល់ដោយ COVID-19។

កម្មវិធីគាំទ្រការចំណាយ និងឆ្លើយតបសកម្មទៅនឹង COVID-19 របស់ ADB (ដែលហៅកាត់ថា CARES) ត្រូវបានផ្តល់ថវិកាតាមរយៈជម្រើសឆ្លើយតប នឹងជំងឺរាតត្បាត COVID-19 (ហៅកាត់ថា CPRO) ក្រោមការជ្រោមជ្រែងរបស់ ADB ដើម្បីដោះស្រាយ ដំណើរសេដ្ឋកិច្ចមិនប្រក្រតី។

CPRO ផ្តួចផ្តើមឡើង តាមរយៈជំនួយរបស់ ADB ដែលត្រូវបានពង្រីករហូតដល់២០ពាន់លានដុល្លា កាលពីថ្ងៃទី១៣ ខែមេសា សម្រាប់សមាជិក ជាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត។

កម្មវិធីនេះ រួមបញ្ចូលនូវក្របខ័ណ្ឌចូលរួមរបស់ប្រទេស ដែលទទួលបានការគាំទ្រ ដើម្បីធានាថា រដ្ឋាភិបាល និង ADB បន្តកិច្ចពិភាក្សាគោលនយោបាយ ជុំវិញការអនុវត្ត និងតាមដាន ការឆ្លើយតបទៅនឹង COVID-19 របស់កម្ពុជា។ ក្របខ័ណ្ឌនេះ ក៏រួមមានការប្រឹក្សាយោបល់ ជាមួយវិស័យឯកជន និងអង្គការសង្គមស៊ីវិល។

កម្មវិធីនេះ ក៏ផ្សារភ្ជាប់ទៅនឹងសកម្មភាពគាំទ្របច្ចុប្បន្នរបស់ ADB សម្រាប់កំណែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពង្រឹងអភិបាលកិច្ច និងតម្លាភាព ព្រមទាំងបង្កើនប្រសិទ្ធផល ក្នុងការបង្កើតគោលនយោបាយ និងថវិកា ការតាមដានការចំណាយ និងសវនកម្ម។

កម្មវិធី CARE នេះ ត្រូវបានបង្កើតឡើង ដោយមានការសម្របសម្រួល ជាមួយដៃគូអភិវឌ្ឍន៍នានា និងបំពេញបន្ថែមទៅនឹងការគាំទ្ររបស់ ADB បច្ចុប្បន្នដើម្បីផ្គត់ផ្គង់ ឧបករណ៍ត្រួតពិនិត្យសីតុណ្ហភាព សម្រាប់ប៉ុស្តិ៍ត្រួតពិនិត្យ អន្តរជាតិ និងធានាការផ្តល់ បច្ចុប្បន្នភាព ទៀងទាត់ ដល់វេបសាយក្រសួងសុខាភិបាល ដែលបង្ហាញ របាយការណ៍តាមដាន COVID-19 និងព័ត៌មានពាក់ព័ន្ធផ្សេងៗរាល់ថ្ងៃ។

វាគឺជាផ្នែកមួយ នៃសក្តានុពលភាព ដ៏រឹងមាំនៃគម្រោងវិនិយោគ និងជំនួយបច្ចេកទេស ដែលផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ត្រភាព ជាដៃគូប្រចាំប្រទេសសម្រាប់កម្ពុជា របស់ ADB ឆ្នាំ ២០១៩-២០២៣ ហើយនឹងគាំទ្រដល់ការស្តារឡើងវិញ ក្រោយពីការរាតត្បាតនៃ COVID-19៕