នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន ដែលដឹកនាំដោយ ឯកឧត្តមឯកអគ្គរដ្ឋទូត Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រង ប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ច សហអាមេរិក-អាស៊ាន ដោយមានការអមដំណើរពី ឯកឧត្តម William A Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា រួមទាំងប្រតិភូអញ្ជើញមកពី ក្រុមហ៊ុនកូកាកូឡា, Visa, 3M, ក្រុមហ៊ុន Microsoft, ក្រុមហ៊ុន Chevron, ក្រុមហ៊ុន General Electric និងក្រុមហ៊ុន Ford Motor Co ផងដែរ។
ក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន គឺជាអង្គការតស៊ូមតិ នាំមុខគេមួយ បំពេញមុខងារជា តំណាងឱ្យវិស័យឯកជន របស់សហរដ្ឋអាមេរិក ប្រចាំតំបន់អាស៊ាន និងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក រវាងសហរដ្ឋអាមេរិក និងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តមឯកអគ្គរដ្ឋទូត Michael Michalak បានអះអាងថា៖ ដំណើរទស្សនកិច្ចមកកាន់កម្ពុជា លើកនេះមានគោលបំណងស្វែងរកឱកាសដើម្បី ពង្រឹងទំនាក់ទំនងរវាងកម្ពុជា (ក្នុងនាមជាដៃគូអាស៊ាន) និងសហរដ្ឋអាមេរិក និងជំរុញឱ្យក្រុមហ៊ុនសហរដ្ឋអាមេរិកមកវិនិយោគ នៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជម្រាបជូនគណៈប្រតិភូ អំពីកំណែទម្រង់ដែលបាននិងកំពុងអនុវត្តនាពេលថ្មីៗនេះលើប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីយានជំនិះ ប្រឡងនិងផ្តល់បណ្ណបើកបរយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងការធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់។
គណៈប្រតិភូបានជម្រាបជូន ឯកឧត្តមទេសរដ្ឋមន្ត្រី អំពីបច្ចុប្បន្នភាព និងបញ្ហាប្រឈមទាក់ទងនឹង ការធ្វើពាណិជ្ជកម្ម ព្រមទាំងការពិភាក្សាកំពុងបន្តជាមួយក្រសួងនានាផងដែរ។
ឯកឧត្តមទេសេរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរ ចំពោះការគាំទ្រ និងកិច្ចសហប្រតិ បត្តិការដែលកំពុងបន្តរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើឱ្យក្រុមហ៊ុននានា របស់សហរដ្ឋអាមេរិក ជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់សាលាបង្រៀនបើកបរ សម្រាប់អ្នកបើកបរយានយន្ត ដឹកទំនិញនៅកម្ពុជា។
ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន៖ កំពុងស្វែងរកឱកាសបន្ថែមដើម្បី ពង្រឹងទំនាក់ទំនង និងការវិនិយោគជាមួយកម្ពុជា
