ឯកឧត្តម វេង សាខុន រៀបចំវេទិកាស្តីពីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគាររ៉េស៊ីដង់ សុខា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកាស្តីពីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេលមួយថ្ងៃពេញ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តំណាងក្រសួងស្ថាប័នពាក់ពន្ធ័ អាជ្ញាធររាជធានី ខេត្ត ឯកឧត្តម អស់លោក លោកស្រី ជាតំណាងអង្គភាពជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទរាជធានី ខេត្ត លោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៏ ភ្ញៀវជាតិ និងអន្តរជាតិ តំណាងវិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល ហើយនិងតំណាងសហគមន៍កសិកម្ម ព្រៃឈើ ជលផល យ៉ាងច្រើនកុះករសរុបប្រមាណជាង ៥០០នាក់។ សូមបញ្ជាក់ជូនជ្រាបថា ការរៀបចំវេទិកានេះ គឺជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងវេទិកាស្តីពី”ការការពារ និងអភិរក្សធនធានធម្មជាតិ” នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កន្លងមក។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងស្មារតីស្ថាបនា ដើម្បីប្រមូលធាតុចូលឲ្យបានគ្រប់ជ្រុងជ្រោយសំដៅរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ដោយផ្តោតគោលបំណងផ្តល់ឱកាសដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ចូលរួមគំនិត យោបល់ទៅលើ៖
(១)-ស្វែងយល់អំពីការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងបញ្ហាប្រឈមសំខាន់ៗ និងសំណូមពរនានា ពាក់ព័ន្ធនឹងការលើកកម្ពស់ផលិតកម្មកសិកម្ម ការគ្រប់គ្រងកសិផល និងទីផ្សារ
(២)-ពិភាក្សាចែករំលែកបទពិសោធន៍ មេរៀន ព័ត៌មាន និងចំណេះដឹងអំពីការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង
(៣)-រិះរក និងកំណត់ដំណោះស្រាយលើបញ្ហាប្រឈមសំខាន់ៗ និងសំណូមពរនានា ព្រមទាំងភារកិច្ច ការរួមចំណែក ឬការទទួលខុសត្រូវរបស់ភាគី និងអ្នកពាក់ព័ន្ធទាំងអស់។

សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៦-២០១៧ នាពេលឆាប់ៗខាងមុខនេះ ក៏នឹងយកលទ្ធផលនៃវេទិកានេះ ទៅពិនិត្យ និងពិភាក្សាបន្ថែមទៀត ដើម្បីដាក់ចេញដំណោះស្រាយ និងវិធានការអនុវត្ត។

សូមរកមើលសុន្ទរកថារបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងបើកវេទិកាកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរូបភាពខាងក្រោម។

អង្គវេទិកាកំពុងធ្វើការពិភាក្សាលើបញ្ហានានា និងដាក់ចេញនូវវិធានការ និងដំណោះស្រាយ ដែលលទ្ធផលនឹងជម្រាបជូននាពេលបន្ទាប់។