បេក្ខជនជ័យលាភីអាហារូបករណ៍ JDS 2020 ចំនួន២៤រូប ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បានទទួលអនុសាសន៍សំខាន់ៗពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តូច ចាន់កុសល មុនពេលចេញដំណើរទៅបន្តការសិក្សានៅប្រទេសជប៉ុន


ភ្នំពេញ៖ ថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ជូនបេក្ខជនជ័យលាភីអាហារូបករណ៍ JDS 2020 ចំនួន២៤រូប មុនពេលចេញទៅសិក្សាបន្តនៅប្រទេសជប៉ុន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងផងដែរ។
ជំនួបនេះ ធ្វើឡើងដើម្បីផ្ដល់អនុសាសន៍ ចំណេះដឹង បទពិសោធន៍ល្អៗ ក៏ដូចជាបង្ហាញនូវគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួង ដែលជាទស្សនទានដ៏មានតម្លៃបំផុតសម្រាប់បេក្ខជន ក្នុងការយកទៅផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យពិភពលោកបានដឹងបានយល់ និងមកទស្សនាកម្ពុជា ក៏ដូចជាដើម្បីស្វែងរកកាលានុវត្តភាពក្នុងការវិនិយោគផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនបេក្ខជនជ័យលាភីអំពីគម្រោង ដែលសម្រេចបាន និងកំពុងបន្ត ជាពិសេសគម្រោងអនុវត្តដោយប្រទេសជប៉ុនដូចជា៖ គម្រោងសាងសង់ពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវមួយចំនួនក្នុងខេត្តសៀមរាប ស្ពានគីសូណា ស្ពានខ្សឹបាសា គម្រោងអភិវឌ្ឍន៍កម្មវិធី Port EDI និងគម្រោងមួយចំនួនផ្សេងទៀតក្នុងនោះមាន៖ គម្រោងសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គម្រោងផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ គម្រោងផ្លូវដែកផងដែរ។
លើសពីនេះទៀត ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងផងដែរអំពីយន្តការ និងយុទ្ធសាស្ត្រក្នុងផ្ដល់សេវាសាធារណៈប្រកបដោយតម្លាភាព និងប្រសិទ្ធភាពដូចជា៖ ការបង្ខិតសេវាសាធារណៈឱ្យកៀកប្រជាពលរដ្ឋ ការចុះបញ្ជីយានយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយនុ្ត ការប្រឡងយកបណ្ណបើកបរតាមប្រព័ន្ធស្វ័យប្រត្តិកម្ម ការបង្កើតឱ្យមានក្រុមការងារឆៀកចល័ត ការផ្ដល់សេវាប្ដូរនិងពន្យារបណ្ណបើកបរនៅតាមផ្សារទំនើបអ៊ីអនម៉លទាំងពីរសាខា ការទិញលេខពិសេសផ្ទាល់ខ្លួន និងកម្មវិធីថែទាំផ្លូវជាដើម។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានស្នើឱ្យបេក្ខជនបេក្ខនារីជ័យលាភីប្តេជ្ញាចិត្តខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យបានខ្លាំងក្លា តាមអនុសាសន៍ណែនាំឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គឺ៖ “ខ្ញុំត្រូវតែខិតខំរៀនឱ្យខ្លាំង រក្សាអាកប្បកិរិយាល្អ ប្រកាន់ខ្ជាប់នូវច្បាប់ទម្លាប់ និងវិន័យរបស់សាលានៅប្រទេសជប៉ុន” និងបានផ្តាំផ្ញើឱ្យបេក្ខជនជ័យលាភីទាំងអស់ធ្វើខ្លួនជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈសម្រាប់ប្រទេសកម្ពុជាផងដែរ ៕