កូនឈើចំនួន ៥៦០០ដើម ត្រូវបានដាំនៅលើផ្ទៃដី ៣ហិចតា នៅក្នុងឧទ្យានជាតិព្រះបាទជ័យវរ្ម័ន.នរោត្តម.ភ្នំគូលែន


កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានប្រារព្ធពិធីដាំកូនឈើចំនួន ៥៦០០ដើម ត្រូវបានដាំនៅលើផ្ទៃដី ៣ហិចតា នៅក្នុងឧទ្យានជាតិព្រះបាទជ័យវរ្ម័ន.នរោត្តម.ភ្នំគូលែនដែលរៀបចំឡើងដោយមន្ទីរបរិស្ថានខេត្ត ក្រោមវត្តមានរបស់ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម អ៉ឹង ហឿន ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់ លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរស្រុក មន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណជាង ៦០០នាក់ចូលរួម។
ព្រៃឈើមានតួនាទីសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ ជួយកាត់បន្ថយឥទិ្ធពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័ន កាបូនិចពីបរិយាកាស ។ ទន្ទឹមនឹងនោះព្រៃឈើ ផ្តល់នូវសេវាកម្ម និងជួយគាំពារផ្នែកបរិស្ថានជាច្រើនទៀត ដូចជា ការការពារទីជំរាល ទប់ស្កាត់ការហូរច្រោះដី ការធ្វើឱ្យប្រសើរឡើងនៃគុណភាពដី និងផ្តល់នូវផលអនុផលព្រៃឈើជាច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ របស់សហគមន៍នៅជនបទ ។
សូមអ្នកកំពុងធ្វើអាជីវកម្មកាប់បំផ្លាញព្រៃឈើ ដើម្បីចាប់យកដីធ្វើកម្មសិទ្ធ និងឈ្មួញឈើខុសច្បាប់ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ការធ្វើអាជីវកម្មព្រៃខុសច្បាប់នេះ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត ហើយបច្ចុប្បន្ននេះ អ្នកធ្វើអាជីវកម្មកាប់បំផ្លាញព្រៃឈើយកដីធ្វើកម្មសិទ្ធនិងជំនួញឈើខុសច្បាប់មួយចំនួនត្រូវបានរដ្ឋាភិបាលកំពុងចាត់វិធានការតាមផ្លូវច្បាប់ជាបណ្តើរៗហើយ ។
ប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវរួមសាមគ្គីគ្នាបណ្តុះឡើងវិញនូវគំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ ត្រូវសន្សំសំចៃក្នុងការប្រើប្រាស់ផលនិងអនុផលព្រៃឈើគ្រប់ប្រភេទ ពីព្រោះថា ព្រៃឈើនៅលើខ្នងភ្នំគូលែន មានអត្ថប្រយោជន៍ធំធេង ក្នុងការផ្តល់ប្រភពទឹក ចិញ្ចឹមប្រជាពលរដ្ឋនៅខេត្តសៀមរាប ព្រមទាំងជាតំបន់ធម្មជាតិប៉ៃតងក្នុងការទាក់ទាញនូវចំណូលដល់បងប្អូនប្រជាពលរដ្ឋនៅលើខ្នងភ្នំគូលែន ជាប្រចាំថ្ងៃ តាមរយៈភ្ញៀវទេសចរណ៍ទៀតផង ។ ចំពោះកូនឈើដែលបានដាំរួចហើយ ក៏សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅនឹងកន្លែង មេត្តាចូលរួមថែរក្សាឲ្យបានហ្មត់ចត់ជាប្រចាំ ដើម្បីធ្វើឲ្យកូនឈើទាំងនេះ លូតលាស់ធំធាត់ឆាប់រហ័ស និង ធ្វើឲ្យ តំបន់ខ្នងភ្នំយើងនេះ ប្រែក្លាយជាតំបន់ប៉ៃតងស្រស់ ។
ការបាត់បង់ជម្រកព្រៃឈើនៅលើខ្នងភ្នំគូលែន ក្នុងនាពេល បច្ចុប្បន្ននេះ បានធ្វើឲ្យបាត់បង់នូវប្រភពទឹកប្រមាណ៥០% ហើយបញ្ហាទាំងនេះក៏បង្កឡើងដោយកត្តាមនុស្ស និង គ្រោះធម្មជាតិ ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យកសិកម្ម និងកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ដែលប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាប្រឈមទាំងនោះ។ ការរៀបចំធ្វើការដាំស្តារព្រៃឈើឡើងវិញនៅលើខ្នងភ្នំគូលែននាពេលនេះ ក៏ជាការធើ្វឲ្យមានលំនឹងឡើងវិញ ក្នុងការថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ ជួយកាត់បន្ថយឥទិ្ធពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និង ការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស ។ ការបាត់បង់ជម្រកព្រៃឈើ គឺធ្វើឲ្យបាត់បង់ប្រភពទឹកក្រោមដី ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រាង្គប្រាសាទអង្គរ ដែលជាដួងព្រលឹងជាតិយើង និង ធ្វើឲ្យបាត់បង់ទីជម្រករស់នៅរបស់សត្វព្រៃគ្រប់ប្រភេទទៀតផង៕