ខេត្តកែប, ព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តកែបរៀបចំកិច្ចប្រជុំគណៈអភិបាលខេត្ត ក្រោមការដឹកនាំដោយ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណ: អភិបាលខេត្តកែប និងមានការអញ្ជើញចូលរួមអភិបាលរងខេត្ត នាយករដ្ឋបាល និងមន្រ្តីពាក់ព័ន្ធមួយចំនួន។
កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបការងារជូនគណៈអភិបាលខេត្ត ដើម្បីយកស្នើសុំទៅក្រសួងមហាផ្ទៃផ្តល់អនុលោកភាពក្នុងការបន្ត។
ពិនិត្យ ពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចកែសម្រួល និងតែងតាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក និងលេខាធិការដ្ឋានក្រុមការងារ។
ក្នុងកិច្ចប្រជុំនេះផងដែរ ក៏មានការផ្សព្វផ្សាយលិខិតរបស់ក្រសួងមហាផ្ទៃស្តីពី
ភាពមិនប្រក្រតី របស់មន្រ្តីក្រុមប្រឹក្សាឃុំ សង្កាត់មួយចំនួនក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ ។
ឯកឧត្តមអភិបាលខេត្ត បានលើកយកបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការងារការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការកែលម្អសោភណភាព គម្រោងអភិវឌ្ឍនានា ដែនដី នគររូបនីយកម្ម សំណង់ អនាម័យ បរិស្ថាន បង្ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដើម្បីពិភាក្សាក្នុងកិច្ចប្រជុំផងដែរ៕
កិច្ចប្រជុំគណៈអភិបាលខេត្តកែប
