អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានឧបត្ថម្ភជូនអតីតយុទ្ធជន


(ភ្នំពេញ)៖ ឯកឧត្តម ជា ពិសី ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ គិតមកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅតែបន្តដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មកឧបត្ថម្ភជូនអតីតយុទ្ធជនចំនួន ១១គ្រួសារទៀត នៅសង្កាត់ឫស្សីកែវ ក្រោយពីលោកដឹកនាំ ក្រុមការងារដដែលនេះ នាំយកអំណោយមកឧបត្ថម្ភជូនអតីតយុទ្ធជនចំនួន ៩គ្រួសារផ្សេងទៀត ស្ថិតនៅសង្កាត់ទួលសង្កែទី២។

សកម្មភាពនេះ ក្រៅពីប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌឫស្សីកែវ ក៏មានការចូលរួមពីលោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ និងជាប្រធានសមាគមអតីត យុទ្ធជនកម្ពុជា ខណ្ឌ, លោក-លោកស្រីអធិការរងនគរបាលខណ្ឌ, តំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ, រួមទាំងមន្ត្រីរាជការ, នគរបាលប៉ុស្តិ៍ និងអាជ្ញាធរសង្កាត់ផងដែរ។

ក្នុងសកម្មភាពនេះដែរ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌ ឯកឧត្តម ជា ពិសី បានលើកឡើងថា សម្រាប់បង-ប្អូនអតីតយុទ្ធជន ពិតជាបានរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហតុពាលីសាច់ស្រស់ ឈាមស្រស់ ដើម្បីសុខសន្តិភាព របស់ជាតិ មាតុភូមិ ដែលជានិច្ចជាកាលសម្តេចតេជោ ហ៊ុន សែន តែងតែបានជំរុញដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងនៅគ្រប់បណ្តារាជធានី-ខេត្តទាំងអស់ ត្រូវចុះតាមដានត្រួតពិនិត្យមើលរាល់ការខ្វះខាត ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់បង-ប្អូនអតីតយុទ្ធជនរបស់យើង។

សូមជម្រាបថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយឯកឧត្តម ជា ពិសី អភិបាលខណ្ឌ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកឧបត្ថម្ភជូន អតីតយុទ្ធជន ចំនួន៩គ្រួសារផ្សេងទៀត ស្ថិតនៅសង្កាត់ទួលសង្កែទី២ និងនៅក្រោយពីលោកអភិបាលខណ្ឌ ជា ពិសី ដឹកនាំក្រុមការងារចុះធ្វើអនាម័យសំអាតផ្លូវ និងដាក់គំគម្របលូ ចំនួន៣អណ្តូងលូ និង៣កន្លែងផ្សេងៗគ្នាបន្តទៀត ស្ថិតនៅលើផ្លូវលេខ៥៩៨ ខាងមុខភោជនីយដ្ឋាន (ឡាក់គីប្រាយ) សង្កាត់ច្រាំងចំរេះទី២, និងនៅខាងមុខដីតំបន់អភិវឌ្ឍន៍ប្ញស្សីកែវ សង្កាត់ទួលសង្កែទី២, ហើយនិងនៅខាងមុខដីឡូត៌លក់ផ្កា សង្កាត់គីឡូម៉ែត្រលេខ៦៕