ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច បានអញ្ជើញចូលរួមវេទិកាអន្តរជាតិស្ដីពី ការពង្រឹងគុណភាពការអប់រំ និងសុខុមាលភាពកុមារតូច ក្នុងបរិបទនៃជំងឺកូវីដ-១៩ (Global Webinar Ensuring Quality of Learning and Well-being for Young Children in Context of COVID-19)។
វេទិកានេះបានផ្ដោតទៅលើ២ចំណុចសំខាន់គឺ៖
១.គូសបញ្ជាក់ពីបញ្ហាប្រឈមទូទៅមួយចំនួន ការផ្ដល់ដំណោះស្រាយ និងសិក្សាលើបទពិសោធន៍ដែលទទួលបាន ក្នុងគ្រាមានវិបត្តិកូវីដ-១៩ ដើម្បីធានាបាននូវការបន្តការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសុខុមាលភាពសម្រាប់កុមារតូចៗ។
២.កៀរគរសហគមន៍អន្តរជាតិជាពិសេសសមាជិកសម្ព័ន្ធការអប់រំជាសកល ដើម្បីចូលរួមផ្ដល់ដំណោះស្រាយ និងអនុវត្តសកម្មភាពជាក់ស្ដែងឆ្ពោះទៅរកការអប់រំប្រកបដោយគុណភាព និងសុខុមាលភាពសម្រាប់កុមារតូចៗ។
សូមជម្រាបថា វេទិកាតាមអនឡាញនេះត្រូវបានរៀបចំឡើងដោយអង្គការ UNESCO ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង វេលាម៉ោង ១៨:៣០ល្ងាច (ម៉ោងនៅកម្ពុជា) ដែលមានការចូលរួមពីសំណាក់រដ្ឋមន្ត្រី និងបណ្ដាដៃគូជាច្រើនជុំវិញពិភពលោក៕
១៥ កក្កដា ២០២០