ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធទិវាជាតិទីក្រុងស្អាត នៅវិមានសន្តិភាព


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាពប្រារព្ធទិវាជាតិ ទីក្រុងស្អាត លើកទី៥ ឆ្នាំ២០១៧ ក្រោមប្រធានបទ ទីក្រុងស្អាតផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ និងប្រគល់រង្វាន់ជ័យលាភី សម្តេចនាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍ លើកទី២ អមដោយជ័យលាភីបដិសណ្ឋារកិច្ចល្អ សេវាសាធារណៈរបស់ក្រុង/ខណ្ឌ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ល្អបរិបូរណ៍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយមានកំណើនសេដ្ឋកិច្ចខ្ពស់ គួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ សម្តេចបានថ្លែងទៀត កម្ពុជាត្រូវបន្តខិតខំប្រឹងប្រែងខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបាននូវភាពរីកចម្រើនសម្រេចបាន តាមបំណង ប្រាថ្នារបស់ខ្លួនសំដៅបន្តកែលម្អជីវភាព និងការរស់នៅរបស់ប្រជាជន និងការរួមចំណែកថែរក្សាភពផែនដីរបស់ សម្រាប់កូនចៅ ជំនាន់ក្រោយៗទៀត។

* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា វិស័យទេសចរណ៍ចូលរួមចំណែកយ៉ាងសំខាន់ក្នុងជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងជួយកាត់បន្ថយ បម្រែបម្រួលអាកាសធាតុនៅលើពិភពលោកផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចការពារបរិស្ថានគឺជារឿងសំខាន់មួយ ក្នុងការការពារភពផែនដី និងកាត់បន្ថយឧស្ម័នពុលក្នុងបិរស្ថាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភ្ញៀវទេសចរនឹងមិនប្រថុយប្រថានមកកាន់ប្រទេសមានសង្រ្គាម ដូចដែលកម្ពុជាជួបប្រទះកាលពីអតីតកាល ក៏ដូចជាបណ្តាប្រទេសកំពុងជួបសង្រ្គាមដូចបណ្តាប្រទេសនៅតំបន់មជ្ឈឹមនោះឡើយ។ ដូច្នេះការប្រយុទ្ធប្រឆាំងភេរវកម្ម និងរក្សាឲ្យបាននូវសុខសន្តិភាព គឺជាកត្តាដ៏ចាំបាច់ត្រូវអនុវត្ត និងរក្សាឲ្យបាន។

* សម្តេចតេជោ បានថ្លែងបន្តថា ភ្ញៀវទេសចរ ក៏នឹងមិនចង់មកឃើញប្រទេសមានបរិស្ថានពុល កខ្វក់ និងក្លិនស្អុយនោះទេ។ សម្តេចនាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យមានការបង្កើតបរិយាកាសបៃតង តាមរយៈការដាំបន្លែបែបធម្មជាតិ និងការចិញ្ចឹមសត្វជាដើម ដើម្បីផ្គត់ផ្គង់នៅតាមភោជនីយដ្ឋាន និងសណ្ឋាគារផ្សេងៗនៅតាមតំបន់ទស្សនាចរ។

* សម្តេចនាយករដ្ឋមន្រ្តី បានណែនាំឲ្យក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម ត្រូវបង្កើតឲ្យមានចលនាប្រឡងប្រណាំងខ្សែក្រវ៉ាត់បៃតង គឺសំដៅទៅ លើការដាំដុះបន្លែ និងការចិញ្ចឹមសត្វផងដែរ ដើម្បីផ្គត់ផ្គត់ការហូបចុកដល់ភ្ញៀវទេសចរណ៍ នៅតាមតំបន់ទេសចរណ៍ល្បីៗ ព្រោះបច្ចុប្បន្នបន្លែ និងសាច់សត្វជាច្រើន ត្រូវបាននាំមកពីបរទេសនៅឡើយ។

* សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជាមានអំណោយផលច្រើនសម្រាប់វិស័យទេសចរណ៍ ព្រោះកម្ពុជា មិនសូវជាមានជំងឺឆ្លង ផ្សេងៗច្រើនោះទេ។ ប៉ុន្តែក៏មានការព្រួយបារម្ភចំពោះអំពើភេរវកម្ម តែយ៉ាងណាកម្ពុជាក៏ត្រូវតែប្រឹងប្រែងទប់ស្កាត់ឲ្យបាន។

* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងជាចម្ងល់ចោទសួរទៅមន្រ្តីទូតនានាថា មូលហេតុអ្វីបានជាគ្រឿងញៀន និងការជួញដូរផ្សេងៗ ដូចជាភ្លុកដំរីជាដើម បានឆ្លងកាត់គ្រប់ព្រលានយន្តហោះនៅបណ្តាប្រទេសដទៃរហូតមកដល់កម្ពុជា ? សម្តេចបន្តថា គួរតែមានការរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរ ឆ្លងដែនខុសច្បាប់ទាំងអស់នោះ។

* សម្តេចតេជោ ហ៊ុន សែន ថា មកដល់បច្ចុប្បន្ននេះ គ្មានអ្នកទេសចរណាទៅលេងកម្សាន្តនៅតំបន់សង្រ្គាមដូចមជ្ឈិមបូព៌ានោះទេ ដូច្នេះសុខសន្តិភាព នៅតែជាកត្តាសំខាន់ណាស់សម្រាប់ការទាក់ទាញភ្ញៀវទេសចរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាសាទអង្គរវត្តមិនមែនទើបមាននាពេលបច្ចុប្បន្ននោះទេ ប៉ុន្តែហេតុអ្វីគ្មានទេសចរមកកាន់កម្ពុជា កាលពីទសវត្សរ៍ឆ្នាំ៧០ នោះក៏ព្រោះតែប្រទេសកម្ពុជាពេលនោះជួបនូវភ្លើងសង្រ្គាម។ ដូច្នេះការរក្សាឲ្យបានសន្តិភាព គឺជារឿងដ៏ចំាបាច់ សម្តេចថា ទោះបីក្នុងតម្លៃណាក៏ដោយ សន្តិភាពត្រូវតែរក្សាឲ្យបាន ហើយមិនត្រូវយកបញ្ហាសិទ្ធិមនុស្ស មកបង្កជាបញ្ហា និងអសន្តិសុខ នៅកម្ពុជានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យបង្កើតចំណតរថយន្តឲ្យបានត្រឹមត្រូវនៅក្នុងទីក្រុង និងច្បាប់ស្តីពីសណ្តាប់ធ្នាប់ទីក្រុង ដើម្បីកាត់បន្ថយការ កកស្ទះចរាចរណ៍។ សម្តេចតេជោ ក៏បានស្នើឲ្យសាលារាជធានី គិតពីការពង្រីកខ្សែរថយន្តក្រុងបន្ថែមផងដែរ។

* សម្តេចតេជោ បានហាមឃាត់ផងដែរ បើទោះបីឲ្យបង្កើតចំណតរថយន្តថ្មី តែមិនឲ្យដោះដូរជាមួយចំណតរថយន្តចាស់នោះទេ។ សម្តេចនាយករដ្ឋមន្រ្តី ហាមផ្តាច់ចំពោះការដោះដូរចំណតរថយន្ត ព្រោះជារឿងធ្វើឲ្យសម្តេចឈឺក្បាលខ្លាំង។

* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបង្ហាញពីគម្រោងដើរតាមផ្លូវថ្មើរជើងប្របម៉ាត់ទន្លេពីមុខវាំង ទៅដល់មជ្ឈមណ្ឌលកោះពេជ្រផងដែរ។

* សម្តេចនាយករដ្ឋមន្រ្តី សេវាសាធារណៈនៅតែជាបញ្ហាប្រឈមមួយផងដែរ សម្រាប់វិស័យទេសចរណ៍។ ឆ្លើយតបបញ្ហានេះ សម្តេចតេជោថាត្រូវធ្វើកំណែ ទម្រង់ឲ្យបានស៊ីជម្រៅ និងលើកទឹកចិត្តឲ្យអ្នកផ្តល់សេវាសាធារណៈផ្តល់ឲ្យបានលឿន និងឆាប់រហ័ស។

* សម្តេចតេជោ ហ៊ុន សែន ថា ត្រូវនាំគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនត្រូវឲ្យអ្នកទេសចរនិយាយថា ប្រទេសកម្ពុជា សម្បូរគ្រឿងញៀននោះទេ ហើយក៏ត្រូវធ្វើឲ្យអ្នកទេសចរពេលមកកម្ពុជាហើយ ចង់ត្រឡប់មកកម្សាន្តជាថ្មីម្តងទៀត។ មិនត្រូវធ្វើឲ្យអ្នកទេសចរមកហើយជួបបញ្ហានានា ធ្វើឲ្យភ្ញៀវលែងចង់មកលេងនោះទេ។

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងបន្តសហការចូលរួមគាំទ្រឧបត្ថម្ភ និងអនុវត្តរាល់ យុទ្ធនាការនានា ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាតជាអាទិ៍៖ ចលនាប្រឡងប្រណាំងរង្វាន់ សម្តេចតេជោនាយករដ្ឋមន្រ្តីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ចលនាប្រឡងប្រំណាងបដិសណ្ឋារកិច្ចល្អសេវាសាធារណៈរបស់ក្រុង/ខណ្ឌ បេក្ខភាពក្នុងចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ របស់ច្រកទ្វាអន្តរជាតិ យុទ្ធនាការ «ភូមិ-ឃុំមានសុវត្ថិភាព» យុទ្ធនាការ «ប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងយុទ្ធនាការ «យុវជន និងទីក្រុងស្ទាត» ជាដើម ដើម្បីចូលរួមដល់ការសម្រេចបានជោគជ័យទីក្រុងស្អាត ស្របតាមខ្លឹមសារ នៃប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ»។