ប្រតិភូខេត្តសៀមរាបចូលរួមកិច្ចប្រជុំទីក្រុងវៃឆ្លាតអាស៊ានលើកទី៣ តាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង(Video conference)


នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែកក្កដា​ ឆ្នាំ២០២០ លោក លី សំរិទ្ធ អភិបាលរងខេត្តបានដឹកនាំប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំទីក្រុងវៃឆ្លាតអាស៊ានលើកទី៣តាមរយៈវីដេអូបញ្ជូនរូបភាព និងសម្លេង ប្រតិភូកម្ពុជាក្រោមការដឹកនាំរួមរបស់ឯកឧត្តម ងី​ ច័ន្ទ្រផល​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានប្រតិភូកម្ពុជា និងមាន២៦ខេត្ត ក្រុងអន្តរជាតិនៃបណ្តាប្រទេសអាស៊ានចូលរួមផងដែរ។ កិច្ចប្រជុំនេះ សាធារណរដ្ឋសង្គមនិយមវៀតណាម ជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ ហើយកិច្ចប្រជុំនេះតាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង(Video conference)។

ក្នុងនាមប្រតិភូកម្ពុជា ឯកឧត្តម ងី ច័ន្ទទផល បានថ្លែងថាដោយប្រមូលផ្តុំឆ្លុះបញ្ចាំងពីវឌ្ឍនភាព បញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាពទីក្រុងវៃឆ្លាតនៃតំបន់រដ្ឋបាលទាំងបីរបស់ព្រះរាជាណាចក្រកម្ពុជា និង បញ្ហាCovid-19។

ជាមួយគ្នានេះ អង្គប្រជុំបានអនុម័តគោលការណ៍ ២ចំណុចដូចខាងក្រោម ៖
១-អនុម័តរៀបចំក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃបណ្តាញទីក្រុងវៃឆ្លាតអាស៊ាន(ASCN) ដែលគោលការណ៍ណែនាំដែលមានលក្ខណៈសាមញ្ញ និងជាក់ស្តែង​ ហើយការទំនាក់ទំនងនានា អាចប្រព្រឹត្តទៅតាមរយៈរដ្ឋាភិបាល ប្ញនិងផ្ទាល់ទៅខេត្ត-ក្រុងដែលជាសមាជិកទីក្រុងវៃឆ្លាតអាស៊ាន។
២-អនុម័តសម្រាប់ការពង្រឹងភាពជាដៃគូរថែមទៀត ដើម្បីទទួលបាននូវបទពិសោធន៍ និងគំនិតថ្មីៗអំពីការរៀបចំទីក្រុងវៃឆ្លាត​ ដោយឯកភាពអនុញ្ញាតអោយពង្រីកបន្ថែមសមាជិកភាពASCNនៅឆ្នាំ២០២០។

បន្ទាប់ពីការអនុម័តចំណុចខាងលើ អង្គប្រជុំនឹងពិនិត្យ​អំពីវឌ្ឍនភាពការងាររៀបចំទីក្រុងវៃឆ្លាតនៃប្រទេសនិមួយៗ និងកិច្ចប្រឹងប្រែងរួមពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតCovid-19​នៃរដ្ឋាភិបាលក្នុងតំបន់៕