ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់ ក្រុមហ៊ុនសាងសង់ផ្លូវពិនិត្យឱ្យបានម៉ត់ចត់លើការពង្រឹង និងលើកកម្ពស់កម្រិតគុណភាពផ្លូវឱ្យបានរឹងមាំ


ថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយលោក Wang Xinhua តំណាងក្រុមហ៊ុន Sichuan Road & Bridge (Group) Corporation Ltd ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួង។
ជំនួបពិភាក្សានេះធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពការងារសម្រេចបានក្នុងការសាងសង់ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ១ ដើម្បីធានាឱ្យសំណង់មានគុណភាពរឹងមាំ ដែលអាចប្រើប្រាស់ជាប់ បានយូរអង្វែង ក៏ដូចជាធានាឱ្យគម្រោងបញ្ចប់ទៅដោយរលូនស្របតាមកិច្ចព្រមព្រៀង ឬសៀវភៅបន្ទុក។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនពិនិត្យឱ្យបានម៉ត់ចត់លើការពង្រឹង និងលើកកម្ពស់កម្រិតគុណភាពផ្លូវឱ្យបានរឹងមាំ និងបានស្នើឱ្យក្រុមហ៊ុនសហការជាមួយថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកឱ្យបានជិតស្និទ្ធ ធ្វើយ៉ាងណាអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកឱ្យបានខ្ជាប់ខ្ជួន។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបន្ថែមគ្រឿងចក្រ និងកម្លាំងពលកម្មឱ្យបានច្រើនថែមទៀត ដើម្បីធានាឱ្យការសាងសង់បញ្ចប់ទៅតាមកាលបរិច្ឆេទគ្រោងទុក ប្រកបដោយគុណភាពរឹងមាំ។
ជាការឆ្លើយតប លោក Wang Xinhua បានប្តេជ្ញាអនុវត្ត និងទទួលយកការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ទេសរដ្ឋមន្ត្រី ដើម្បីឱ្យគម្រោងសាងសង់ផ្លូវទាំងនេះមានគុណភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង ដោយសហការជាមួយថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោក Wang Xinhua បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមទេសរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីឱ្យគម្រោងទាំងនេះសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក៕