កិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងប្រចាំខែនៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក ពិនិត្យពិភាក្សាលើអំពីវឌ្ឍនភាពការងារសម្រេច បានរបស់ខ្លួន


ភ្នំពេញ៖ ថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចពិនិត្យវឌ្ឍនភាពគម្រោងប្រចាំខែគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក ដោយមានការចូលរួមពីសមាជិក សមាជិកានៃអង្គភាពគ្រប់គ្រងសមាសភាគគម្រោង (Component Management Unit)។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលពីវឌ្ឍនភាពទូទៅដែលបាន និងកំពុងអនុវត្តជាពិសេសវឌ្ឍនភាពការងារសម្រេចបានក្រោយបេសកកម្មគាំទ្រដល់ការអនុវត្តគម្រោង (Implementation Support Mission) កាលពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះក៏ដូចពិភាក្សាលើបញ្ហាប្រឈមដែលបានជួបប្រទះ សំណូមពរ និងដំណោះស្រាយក្នុងអំឡុងពេល នៃអនុវត្តគម្រោងផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់អំពីសារសំខាន់នៃការ តាមដាននិងវាយតម្លៃផែនការសកម្មភាពឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីសម្រេចគោលដៅតាមការគ្រោងទុក និងបានណែនាំឱ្យសមាជិកសមាជិកាននៃអង្គភាពគ្រប់គ្រងសមាសភាគគម្រោងបង្កើនកិច្ចសហការឱ្យ បានជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងផ្នែកហិរញ្ញវត្ថុ លទ្ធកម្ម បច្ចេកទេស ។ល។សំដៅធានាឱ្យគម្រោងដំណើរការប្រកបដោយភាពរលូន។
គួរកត់សម្គាល់ផងដែរថា៖ រាជរដ្ឋាភិបាលកំពុងដាក់ចេញនូវយុទ្ធសាស្ត្រជាតិប្រកបដោយវិសាលភាព ទូលំទូលាយក្នុងការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជូនប្រជាពលរដ្ឋ និងធ្វើឱ្យសុខមាល ភាពសាធារណៈនិងបរិស្ថានស្អាតកាន់តែមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ នៅគ្រប់ទីកន្លែងនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដមអនុរដ្ឋលេខាធិការបានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារគ្រប់គ្រងសមាសភាគគម្រោងដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង ស្នើឱ្យធ្វើរបាយការណ៍វឌ្ឍនភាពគម្រោងប្រចាំខែឱ្យបានទៀងទាត់ និងរៀបចំកិច្ចប្រជុំពិនិត្យមើលវឌ្ឍន ភាពនៃការអនុវត្តគម្រោងនៅសប្ដាហ៍ទី៤ ជារៀងរាល់ខែផងដែរ៕