ឯកឧត្តមរដ្ឋមន្រ្តីការងារ៖ កម្ពុជាត្រូវការធនធានយុវជន ដែលមានសក្តានុពលច្រើនទៀត ដើម្បីជាកម្លាំងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម


(ភ្នំពេញ)៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកយុវជនជាធនធានដ៏មានសក្តានុពល និងជាកម្លាំងចលករដ៏សំខាន់របស់ប្រទេសជាតិ ដែលបច្ចុប្បន្ន និងតទៅអនាគត កម្ពុជានៅត្រូវការធនធានយុវជនដែលមានសក្តានុពលច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ខណៈប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូរលើកកម្ពស់ឱ្យយុវជនដើរតួជាកម្លាំងជួរមុខរបស់ជាតិ។

ឯកឧត្តម អ៊ិត សំហេង លើកឡើងដូចនេះ គឺក្នុងឱកាសជួបជាមួយក្រុមបេក្ខជនជ័យលាភីអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន ឆ្នាំ២០២០ និងផ្តល់អនុសាសន៍មុនពេលចេញដំណើរ ទៅបំពេញការសិក្សារៀនសូត្រនៅពេលខាងមុខ នៅទីស្តីការក្រសួងការងារ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តមរដ្ឋមន្រ្តីបានរំឭកថា ដូចដែលយើងគ្រប់គ្នាបានដឹងហើយ ស្ថិតក្នុងដំណាក់កាលអន្តរកាលនេះ បញ្ហាសុខភាពគឺជារឿងចម្បង ដែលត្រូវយកចិត្តទុកដាក់គិតគូរ អត់ធ្មត់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការរស់នៅ និងរៀនសូត្រ មិនថាស្ថិតនៅក្នុងបរិបទណានោះទេ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ការឈានទៅយកបរិញ្ញាបត្រអនុបណ្ឌិត ឬបណ្ឌិតរបស់បេក្ខជននាពេលនេះជាការសំខាន់ណាស់ ព្រោះថាការសិក្សានៅប្រទេសជប៉ុនពិតជាមានកម្រិតខ្ពស់ និងជាប្រទេសឈានមុខផ្នែកបច្ចេកវិទ្យា ដែលបេក្ខជនៗត្រូវតែយកចិត្តទុកដាក់ខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងមកអភិវឌ្ឍន៍ប្រទេសកម្ពុជាវិញនាពេលខាងមុខ។

ក្រៅពីសិក្សាជំនាញ បេក្ខជនក៏ត្រូវស្រាវជ្រាវបទពិសោធន៍រវាងសង្គម និងសង្គម ព្រោះថានៅជប៉ុនមានការគោរពគ្នាល្អណាស់ ជាពិសេសរវាងមនុស្សជំនាន់មុន និងជំនាន់ក្រោយ ប្រជាជននៅប្រទេសនេះពិតជាមានវិន័យល្អណាស់ ពួកគេប្រកាន់ខ្ជាប់ទាំងក្នុងក្របខណ្ឌសង្គម ការងារ ឬបរិយាកាសខាងក្រៅ ដែលបេក្ខជនកម្ពុជាគួរតែរៀនសូត្រតាម។

បេក្ខជនទាំងអស់គ្នា ត្រូវតែត្រៀមខ្លួនសម្រាប់ការងាររស់នៅក្នុងប្រទេសមួយនេះ ក្រៅពីរៀនសូត្រអ្នកទាំងអស់គ្នាគឺជាទូតសុឆន្ទៈរបស់កម្ពុជាផងដែរ ដែលត្រូវតែបង្ហាញពីសកម្មភាពល្អៗ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់របស់កម្ពុជាទៅកាន់និស្សិត និងប្រជាជនជប៉ុនក៏ដូចជាប្រជាជាតិដទៃទៀត ដែលក្មួយៗបានជួប និងរស់នៅក្នុងពេលសិក្សានៅក្នុងប្រទេសនោះ។ ម៉្យាងទៀតត្រូវតែសិក្សាពីបរិយាកាសសេដ្ឋកិច្ច សង្គម នយោបាយរបស់ប្រទេសជប៉ុន ក្នុងនាមជាប្រទេសដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជាផងដែរ។

បើតាមលោក ឈាង សុភា ប្រធានក្រុមបេក្ខជនជ័យលាភីអាហារូបករណ៍ខាងលើ បានលើកឡើងថា កម្មវិធីអាហារូបករណ៍ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស ហៅកាត់ថា JDS បានបង្កើតឡើងតាំងពីឆ្នាំ២០០០ និងបានបញ្ជូននិស្សិតកម្ពុជា ៤១៦រូប ទៅកាន់ប្រទេសជប៉ុនរហូតដល់ពេលនេះ ដើម្បីធ្វើការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ហើយបីឆ្នាំចុងក្រោយនេះមានថ្នាក់បណ្ឌិតផងដែរ ដោយមួយឆ្នាំៗមានបេក្ខជនបណ្ឌិត ២រូប។

ចំពោះយុវជនទាំង ២៤រូប ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុននេះ សុទ្ធតែជាមន្ត្រីរាជការមកពីក្រសួងស្ថាប័នរបស់រដ្ឋ រីឯជំនាញអាទិភាពដែលត្រូវសិក្សានៅជប៉ុន រួមមាន៖ ជំនាញអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ ជំនួយអភិវឌ្ឍវិស័យឯកជន ជំនាញអភិវឌ្ឍគុណភាពអប់រំ ជំនាញអភិវឌ្ឍកសិកម្ម និងជនបទ ជំនាញអភិវឌ្ឍបរិស្ថានរស់នៅទីក្រុង ជំនាញអភិវឌ្ឍប្រព័ន្ធសុខុមាលភាព និងធានារ៉ាប់រងសង្គម ជំនាញអភិវឌ្ឍមុខងាររដ្ឋបាល ជំនាញអភិវឌ្ឍផ្នែកច្បាប់ និងតុលាការ ជំនាញទំនាក់ទំនងអន្តរជាតិ។

សូមបញ្ជាក់ថា គោលបំណងនៃកម្មវិធីអាហារូបករណ៍ ផ្តោតសំខាន់លើមន្រ្តីវ័យក្មេងដែលមានសមត្ថភាព និងមានស្មារតីចូលរួមបង្កើត និងអនុវត្តផែនការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការរីកចម្រើនកាន់តែប្រសើរឡើងនាពេលអនាគត ព្រមទាំងចូលរួមក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឲ្យកាន់តែស្អិតរមូតបន្ថែមទៀត៕