ក្រសួងសាធារណការ និងដឹកជញ្ជូន មានមន្ទីរពិសោធន៍គុណភាពសំណង់ និងសាធារណការដែលអាចផ្តល់សេវាពិសោធន៍គុណភាពសំណង់និងសាធារណការជូនវិស័យសាធារណៈនិងឯកជនផងដែរ


ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹក ជញ្ជូន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពិសោធន៍សំណង់ និងសាធារណការ បានអញ្ជើញដឹក នាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមន្ទីរពិសោធន៍សំណង់ និងសាធារណការ អាណត្តិទី៥ លើកទី១ ដោយ មានការអញ្ជើញចូលរួមពីសមាជិកសមាជិកាទាំងអស់របស់ក្រុមប្រឹក្សាភិបាល។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារសម្រេចបាន របាយការណ៍ក្រុមប្រឹក្សាភិបាល ការកែ ទម្រង់និងការរៀបចំក្រុមជំនួយការនិងលេខាធិការកត់ត្រា ក៏ដូចជាប្រមូលធាតុចូលបន្ថែមសំដៅឱ្យការ អនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព ជាពិសេសផ្ដល់សេវាសាធារណៈជូនអតិថិជនបានលឿន មានប្រសិទ្ធភាព និងតម្លាភាពខ្ពស់។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ចំពោះមន្ទីរពិសោធន៍ សំណង់ និងសាធារណការ ដែលជាក្បាលម៉ាស៊ីនមួយដ៏មានសារសំខាន់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ពោលគឺ៖ សំណង់ទាំងឡាយដែលត្រូវសាងសង់ក្រោមសមត្ថកិច្ចរបស់ក្រសួងត្រូវមានការ ឆ្លងកាត់ការពិសោធន៍ច្បាស់លាស់ពីមន្ទីរពិសោធន៍នេះ ដើម្បីធានាបានថា៖ សំណង់មានគុណភាពស្រប តាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។
គួររំលឹកផងដែរថា៖ មន្ទីរពិសោធន៍សំណង់ និងសាធារណការនេះ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៥ ក្នុងរូបភាពជាការិយាល័យមួយ ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នមន្ទីរពិសោធន៍នេះបានអភិវឌ្ឍខ្លួនទៅជាមន្ទីរពិសោធន៍សាធារណៈ ដែលអាចផ្តល់ សេវាពិសោធន៍គុណភាពសំណង់និងសាធារណការដល់វិស័យសាធារណៈនិងវិស័យឯកជនផងដែរ។
លោកជំទាវរដ្ឋលេខាធិការ បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សមាជិកសមាជិកាក្រុមប្រឹក្សាភិបាលដែលបានចំណាយពេលដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំនេះ និង ដែលបានផ្ដល់ធាតុចូលដ៏មានតម្លៃក្នុងន័យជំរុញឱ្យមន្ទីរពិសោធន៍នេះមានដំណើរការកាន់តែរលូនថែម ទៀត៕