ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំរៀបចំគម្រោងសិក្សាសាងសង់ស្ពានថ្មី


រសៀលព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំរៀបចំសិក្សាគម្រោងសាងសង់ស្ពានថ្មី ដើម្បីរំដោះការកកស្ទះចរាចរណ៍ នៅក្នុងភូមិសាស្ត្រក្រុងកំពត ខេត្តកំពត ដោយមានការចូលរួមពីមន្ទីរ អង្គភាពជំនាញ ក្រុង ស្រុកពាក់ព័ន្ធ និងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ជាមួយក្រុមហ៊ុនឆាយណារ៉ូត(China Road) នៅសាលាខេត្តកំពត។
បន្ទាប់ពីកិច្ចប្រជុំចប់ឯកឧត្តម ជាវ តាយ បានបន្តដឹកនាំក្រុមការងារជំនាញ និងក្រុមហ៊ុន China Road ចុះពិនិត្យទីតាំងមួយចំនួនមានដូចជា ទីតាំងស្ពានឥន្ធនូរចាស់ ស្ពានរថភ្លើង និងពិនិត្យកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេសគីឡូ១២។
សូមជម្រាបថាដោយខេត្តកំពត មានកំណើនភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករជារៀងរាល់សប្តាហ៍ បណ្តាលឲ្យមានការកកស្ទះយានយន្តរបស់ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានា ជាពិសេសកកស្ទះយានយន្តលើស្ពានឆ្លងព្រែកកំពង់បាយ។ កត្តានេះហើយទើបថ្នាក់ដឹកនាំខេត្តកំពត ដោយមានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសាងសង់ស្ពានឆ្លងព្រែកកំពង់បាយថ្មីមួយទៀតដើម្បីបង្ករលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ មកធ្វើដំណើរកម្សាន្ត និងរំដោះការកកស្ទះយានយន្ត និងភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចការធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្ត្រខេត្តកំពត ក្នុងការប្រកបមុខរបបរទទួលទានផ្សេងៗ។