លោកជំទាវ ទៀង អេង ទៀសីហា នាំយកថវិកាចំនួនពីរម៉ឺនដប់ដុល្លារអាមេរិកប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្ត


នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធការសាខា ព្រមទាំងសហការី បានអញ្ជើញជួបសំណេះសំណាលបុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងបាននាំយកនូវថវិកាមួយចំនួន ២០,០១០(ពីរម៉ឺនដប់)ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យនេះសម្រាប់ទិញគ្រែអ្នកជំងឺចំនួន៦៩គ្រែ ដើម្បីដាក់ជូននៅក្នុងអគារនៃមន្ទីរពេទ្យសម្រាប់អ្នកជំងឺសម្រាកព្យាបាល។

ឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា បានបញ្ជាក់ពីការយកចិត្តទុក្ខដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតសុខទុក្ខរបស់ និងដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលក្រីក្រ មានជំងឺច្រើនត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ហើយក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្ដីសេចក្ដីថ្លៃថ្នូរ និងតម្លៃមនុស្សធម៌របស់មនុស្សជាតិ ម្យ៉ាងវិញទៀតគឺជាការគាំទ្រសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ។ ហើយដើម្បីចូលរួមចំណែកការងារមនុស្សធម៌ជួយសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា និងតម្លៃមនុស្សធម៌ ទើបសាខាកាកបាទក្រហកម្ពុជា ខេត្តសៀមរាប នាំយកនូវថវិកាចំនួន២ម៉ឺន១០ដុល្លារ ឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងការជួយបំពេញបន្ថែមនូវការខ្វះខាតរបស់មន្ទីរពេទ្យ និងដើម្បីសម្រួលដល់អ្នកជំងឺដែលត្រូវសម្រាកព្យាលបាលនៅមន្ទីរពេទ្យនេះ។

លោកជំទាវបន្ថែមថា ទោះបីជាថវិកាដែលបាននាំមកជូននាពេលចំនួនមានកម្រិតក្តី តែយើងសង្ឃឹមថាវាពិតជាបានចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីទ្រទ្រង់សកម្មភាពជួយសង្គ្រោះប្រជាពេលរដ្ឋរបស់មន្ទីររបស់យើង។ លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ក្នុងការពិនិត្យតាមដាន និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈពូជសាសន៍អ្វីឡើយ។ លោកជំទាវក៏បានបញ្ជាក់ពីការយកចិត្តទុក្ខដាក់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋមានកូនតូចក្រីក្រ មានជំងឺច្រើន ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋរបស់យើងនេះ។

បន្ទាប់ពីធិធីប្រគល់ថវិការួចលោកជំទាវ និងប្រតិភូ បានអញ្ជើញជួបសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាល និងបានអញ្ជើញពិនិត្យគ្រែថ្មី និងទីតាំងត្រូវដាក់គ្រែអ្នកជំងឺផងដែរ។

សូមបញ្ជាក់ផងដែរថា៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺជាការិយាល័យមួយរបស់មន្ទីរសុខាភិបាលខេត្ត ផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កំរឹត៣ ដែលមានគ្រែសម្រាកពេទ្យ៣៧០ តែប៉ុណ្ណោះ បច្ចុប្បន្នអ្នកជំងឺដែលមកទទួលសេវានៅមន្ទីរពេទ្យនេះមានចំនួនកាន់តែច្រើនឡើង ទាំងអ្នកនៅក្នុងខេត្តសៀមរាប និងអ្នកមកពីខេត្តផ្សេងផងដែរ ទើបមន្ទីរពេទ្យត្រូវការពង្រីកកន្លែងសម្រាកព្យាបាលជាបន្តបន្ទាប់៕