គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានអញ្ជើញចុះជួបប្រជុំនិងពិភាក្សាការងារជាមួយអភិបាលខេត្តកំពង់ធំ


គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបប្រជុំនិងពិភាក្សាការងារជាមួយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងមន្ទីរពាក់ព័ន្ធនឹងការទទួលបន្ទុករបស់គណៈកម្មការ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសាលប្រជុំរបស់សាលាខេត្តកំពងធំ។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម សុខ លូ គណៈកម្មការទី៣នៃរដ្ឋសភា បានគូសបញ្ជាក់ថា បេសកកម្មរបស់គណៈកម្មការនាពេលនេះ គឺក្នុងគោលបំណងសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្ត្រ និងប្រមូលព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ អំពីវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់នានា និងបញ្ហាប្រឈមរបស់ខេត្ត ដើម្បីរួមគ្នារកដំណោះស្រាយ។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម យឹម លាត និងឯកឧត្តម នង វាសនា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ព្រមទាំងតំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការទី៣នៃរដ្ឋសភាផងដែរ។