ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តកំពង់ស្ពឺ


(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពាណិជ្ជកម្មដ៏ថ្មីស្រឡាងមួយនៅខេត្តកំពង់ស្ពឺ ដើម្បីផ្តល់ភាពងាយស្រួលដល់ម​ន្ត្រីក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
ពិធីសម្ពោធអគារថ្មីនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈ​អភិបាល​​ខេត្តកំពង់ស្ពឺ ព្រមទាំងឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម និងខេត្តកំពង់ស្ពឺជាច្រើនរូបទៀត។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវក្តីសោមនស្សរីករាយចំពោះវត្តមានអគាររដ្ឋបាលថ្មី នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងបានថ្លែងអំណរគុណ ឯកឧត្ដម យឹម សុខុម និងឯកឧត្ដម វ៉ី សំណាង និងមន្ត្រីក្នុងខេត្ត ដែលបានចូលរួមសហការជាមួយមន្ទីរពាណិជ្ជកម្មកន្លងមក រហូតបានសម្រេចនូវលទ្ធផលនានាជាទីគាប់ប្រសើរ។
ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសម្ធិទផលនានាដែលក្រសួងសម្រេចបាននាពេលកន្លងមក និងកិច្ចការសំខាន់ៗមួយចំនួនទៀតដែលក្រសួងបាននិងកំពុងប្រឹងប្រែងធ្វើយ៉ាងសកម្ម ដែលមានជាអាទិ៍ការរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សម្រាប់វិស័យពាណិជ្ជកម្ម។ លិខិតបទ​ដ្ឋាន​គតិ​យុត្តិ​​ទាំងនោះរួម​មាន៖ ច្បាប់​​ស្តីពី​កិច្ច​សន្យាពាណិជ្ជកម្ម ច្បាប់ស្តីពីការប្រកួត​ប្រជែង ច្បាប់ស្តីពីសុវត្ថិភាពម្ហូប​អាហារ ច្បាប់ស្តីពីប្រតិបត្តិការ​ដែលមានកិច្ច​ធានា ច្បាប់ស្តី​ពី​កិច្ច​​ការ​ពារ​អ្នក​​ប្រើ​ប្រាស់និងច្បាប់​ស្តីពីការ​ធ្វើ​ពាណិជ្ជ​កម្មតាមប្រព័ន្ធអេឡិចត្រូច ដែលច្បាប់ពីរខាងក្រោយនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីថ្មីៗនេះ។ ចំណែកច្បាប់ស្តីពី​​ឧបាស្រ័យ​ពាណិជ្ជកម្ម ​​ត្រូវបានរដ្ឋសភាអនុម័ត និងដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការរួចហើយកាលពីឆ្នាំមុន។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្រសួងពាណិជ្ជកម្មបានខិតខំស្វែងរកទីផ្សារថ្មីៗបន្ថែមជូនគ្រប់វិស័យ​ ដោយ​​​ប្រឹងប្រែង​ចរចា​យ៉ាង​សកម្ម​ទាំង​ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក តាម​រយៈ​កម្មវិធី​អនុគ្រោះ​ពាណិជ្ជកម្ម និងការបង្កើតតំបន់ពាណិជ្ជកម្មសេរី ក្រោមក្របខណ្ឌអាស៊ាន និងអាស៊ាន+ដៃគូ ក៏ដូចជាសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសមួយចំនួនទៀត មានដូចជា សហភាពអឺរ៉ុប អាមេរិក ចិន ជប៉ុន កូរ៉េ ហុងកុង ឥណ្ឌា អូស្រ្តាលី មជ្ឈឹមបូព៌ា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ជាដើម។
ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពង់ស្ពឺផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានណែនាំ និងស្នើឱ្យមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម បន្តខិតខំយកចិត្តទុកដាក់ក្នុងការពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវ និងដកស្រង់នូវបទពិសោធន៍ពីមន្ត្រីរាជការនៅក្រសួងពាណិជ្ជកម្ម។
ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានស្នើឱ្យមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម បន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញគោលនយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម និងសម្រួលដល់ការនាំចេញ។
ឯកឧត្ដមរដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យចៀសវាងដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីផលិតករ អាជីវករ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណ:រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានស្នើគ្រប់ស្ថាប័នទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយអំពីការការពារជំងឺនេះដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ឱ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យកាន់តែទូលំទូលាយ ធ្វើយ៉ាងណាឱ្យប្រទេសយើងឆ្លងផុតពីរលកជំងឺនេះជាលើកទី២ទៀត៕