ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ និងវាយតម្លៃការងារជួសជុលប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក អន្លង់អំពិល


ព្រឹកថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០១៧ មន្ត្រីបច្ចេកទេសរបស់អង្គភាពត្រួតពិនិត្យគម្រោង នៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារជួសជុលបន្ទាន់ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក អន្លង់អំពិល ស្ថិតក្នុងភូមិអូរដូនញ៉ា ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកាលពីចុងឆ្នាំ ២០១៦ កន្លងទៅ ។ ការងារនេះ បានចាប់ផ្តើមកាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៧ ហើយគ្រោងនឹងបញ្ចប់នៅដើមខែមេសា ឆ្នាំ ២០១៧ ខាងមុខ ។
សូមបញ្ជាក់ជូនថា ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក អន្លង់អំពិល ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៣៦៥ ហិកតា និងស្រូវប្រាំង ចំនួន ៨២ ហិកតា របស់បងប្អូនប្រជាកសិករ ចំនួន ០៦ ភូមិ ក្នុងឃុំត្រពាំងព្រះ ៕