គណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា​ បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែង ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធនឹងការទទួលបន្ទុករបស់គណៈកម្មការ


គណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា​ ដឹកនាំដោយ​ លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការ​ ព្រមទាំងឯកឧត្តម លោកជំទាវ​ ជាអនុប្រធាន​ លេខាធិការ​ សមាជិក សមាជិកាគណ:កម្មការ​ បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែង ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធនឹងការទទួលបន្ទុករបស់គណៈកម្មការ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសាលប្រជុំរបស់សាលាខេត្ត។
កិច្ចពិភាក្សាការងារនាពេលនេះ គឺក្នុងគោលបំណងសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្ត្រ និងប្រមូលព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ អំពីប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់នានា វឌ្ឍនភាពការងារ បញ្ហាប្រឈម ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសចង់ស្វែងយល់ពីយន្តការក្នុងការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) សម្រាប់មន្ត្រីរាជការ និវត្តន៍ជននិងកម្មករ កម្មការនី និងមូលនិធិសមធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្រក្នុងកំឡុងពេលមានរីករាលដាលនៃជំងឺកូវីដ-១៩។
គណៈប្រតិភូគណ:កម្មការទី៨របស់រដ្ឋសភា បានទទួលស្វាគមន៍ដោយ ឯកឧត្តម ម៉ុម សារឿន​ អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តមឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រធានមន្ទីរពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ។