នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចុះពិនិត្យការដ្ឋានសាងសង់សួនខឿនការពារជាតិ ដែលគ្រោងបញ្ចប់នៅដើមខែតុលា


(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យការដ្ឋានសាងសង់ សួនខឿនការពារជាតិ នៃកងយោធពលខេមរភូមិន្ទ ខណៈល្បឿនក្នុងសាងសង់បានប្រហែល៧៥ភាគរយ អាចបញ្ចប់នៅដើមខែតុលា ឆ្នាំ២០២០ខាងមុខនេះ។

ពិធីចុះត្រួតពិនិត្យការដ្ឋានសាងសង់សួនខឿនការពារជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំអគ្គមេបញ្ជាការ នៃកយោធពលខេមរភូមិន្ទ ព្រមទាំងក្រុមអ្នកជំនាញសាងសង់ នៅវិមានឈ្នះ ឈ្នះ ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សួនខឿនការពារជាតិនេះ បានចាប់ផ្ដើមដំណើរការសិក្សាទីតាំង និងគម្រោងសាងសង់តាំងពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ មកម្ល៉េះ ហើយគម្រោងសាងសង់នេះ បានបើកការដ្ឋានឱ្យដំណើរការ សាងសង់ជាផ្លូវការ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រោមវត្តមាននាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងមានការចូលរួមពីសំណាក់ឥស្សរជន ជាន់ខ្ពស់ក្នុងកងយោធពលខេមរភូមិន្ទជាច្រើនរូបផងដែរ។

ការសាងសង់សួនខឿនការពារជាតិ កងយោធពលខេមរភូមិន្ទ បានបើកបង្ហាញពីរចនាបទ និងអត្ថន័យដោយថ្នាក់ក្រោមទី១ មានរាងជារង្វង់មូល ជារបៀបបីជាន់ជុំវិញ ដោយយកតួរលេខ៣ ដើម្បីផ្សារភ្ជាប់ទៅនឹងគោលនយោបាយបី នៃនយោបាយឈ្នះឈ្នះ គឺ ការធានាបីយ៉ាង ដោយការធានាលើរូបរាងកាយ អាយុជីវិត ការធានាអាជីព និងមុខរបរ និងការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ រួមទាំងអចលនទ្រព្យ និងចលនទ្រព្យ។ ផ្នែកកណ្ដាលថ្នាក់ទី២ មានរាងជាបញ្ចកោណប្រាំជ្រុង ដោយយកតួរលេខ៥ ដើម្បីផ្សារភ្ជាប់នូវយុទ្ធសាស្ត្រនយោបាយឈ្នះ ឈ្នះ គឺយុទ្ធសាស្ត្រ៥នេះបំបែកធ្វើឱ្យឯកោ បញ្ចប់ធ្វើសមាហរណកម្ម និងការអភិវឌ្ឍ។

ដោយជ្រុងទី១៖ គឺជាចម្លាក់រូបសញ្ញានៃកងយោធពលខេមរភូមិន្ទ, ជ្រុងទី២៖ ចម្លាក់រូបសញ្ញាអគ្គបញ្ជាការដ្ឋាន, ជ្រុងទី៣៖ ជាចម្លាក់រូបសញ្ញាកងទ័ពជើងគោក, ជ្រុងទី៤៖ ជារូបចម្លាក់រូបសញ្ញាតំណាងឱ្យកងទ័ពជើងទឹក និងជ្រុងទី៥៖ ជាចម្លាក់រូបសញ្ញាតំណាងឱ្យកងទ័ពជើងអាកាស។

ថ្នាក់កំពូលទី៣ គឺជាចម្លាក់តំណាងឱ្យនាយ ពលទាហាន៧រូប យកតួលេខ៧ ដោយផ្សារភ្ជាប់កត្តា៧ យ៉ាងនៃគោលនយោបាយឈ្នះឈ្នះ គឺកត្តាដឹកនាំ តួនាទីរដ្ឋបាលកណ្ដាល ប្រតិបត្តិករ ការកសាងជំនឿទុកចិត្ត កត្តាមនោគមវិជ្ជា នយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្ម កត្តាការបរទេស និងកត្តាបែកបាក់នៃអង្គការខ្មែរក្រហម។ រូបចម្លាក់នេះមាននាយ ពលទាហានឈរជ្រោងដងទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងតួនាទីភារកិច្ចស្នូល បានចូលរួមនូវការប្ដេជ្ញាចិត្តខ្ពស់ និងធ្វើពលីកម្មដ៏ធំធេង និងគ្រប់បែបយ៉ាងរបស់ប្រមុខថ្នាក់ដឹកនាំជាតិ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នាយ ព្រមទាំងពលទាហាន នៃកងយោធពលខេមរភូមិន្ទ និងប្រជាជន ទូទាំងប្រទេស រួមជាមួយប្រភពធនធាន ដែលបានចំណាយរហូតទទួលបានជោគជ័យ ត្រចះត្រចង់លេចចេញជារូបរាងនៃនយោបាយឈ្នះ ឈ្នះ ហើយបានជ្រោងទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបានសុខសន្តិភាព ពេញលេញ រហូតដល់បច្ចុប្បន្ននេះ។

ក្នុងឱកាសចុះពិនិត្យមើលការងារសាងសង់សួនខឿនការពារជាតិ របស់កងយោធពលខេមរភូមិន្ទនាពេលនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ការសាងសង់សួនខឿនការពារជាតិ នៅក្នុងបរិវេណនៃវិមានឈ្នះ ឈ្នះនេះ គឺជាសមិទ្ធិផលថ្មីមួយទៀត ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលបានអនុវត្តដោយជោគជ័យ នៅនយោបាយឈ្នះឈ្នះ នាពេលកន្លងមក ជាពិសេសបានរួមចំណែកលើកស្ទួយសោភ័ណភាព និងកំណើនទេសចរណ៍មកទស្សនា វិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កាន់តែច្រើនកុះករបន្ថែមទៀត នាថ្ងៃអនាគត។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា ការសាងសង់សួនខឿនការពារជាតិនេះ គឺដើម្បីចូលរួមកសាងកេរិ៍មរតក ដែលជាតឹកតាងប្រវត្តិសាស្រ្ត សម្រាប់រក្សាទុកជូនកូនខ្មែរជំនាន់ក្រោយឱ្យចងចាំ ពីគុណបំណាច់ដ៏វិសេសវិសាល ដែលមិនអាចកាត់ថ្លៃបានរបស់ស្ថាបនិក នយោបាយឈ្នះ ឈ្នះ គឺសម្ដេចតេជោ ហ៊ុន សែន និងប្រតិបត្តិករទាំងអស់ ដែលបានធ្វើមហាពលិកម្ម បូជាសាច់ស្រស់ឈាមស្រស់ក្នុងសមរភូមិ ស្វែងរកសន្តិភាព ដើម្បីការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ននេះ។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវអរគុណនយោបាយឈ្នះ ឈ្នះ អរគុណសន្តិភាព និងដឹងគុណស្ថាបនិកឯក និងប្រតិបត្តិករឆ្នើម អនុវត្តនយោបាយឈ្នះ ឈ្នះ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ផ្អែកតាមវីរភាពដឹកនាំរបស់សម្ដេចតេជោ ធ្វើឱ្យប្រទេសជាតិកម្ពុជា បច្ចុប្បន្នមានសុខសន្តិភាព មានលទ្ធិប្រជាធិបតេយ្យ មានការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍ ដូច្នេះ យើងទាំងអស់គ្នាការពារឱ្យបាននៅតម្លៃនៃសន្តិភាព ទោះបីក្នុងតម្លៃណាក៏ដោយ បើបាត់សន្តិភាព យើងនឹងវិលទៅរកប្រវត្តិសាស្ត្រដើមវិញជាក់ជាពុំខាន។ ជានិច្ចជាកាល យើងក៏ត្រូវចងចាំ និងដឹងគុណជានិច្ច ចំពោះសម្ដេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបាននឹងកំពុងដឹកនាំប្រទេសកម្ពុជា មិនឱ្យមានសង្គ្រាម មានសន្តិភាព មានការអភិវឌ្ឍ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជាមកដល់ថ្ងៃនេះ។

ជាចុងបញ្ចប់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានជំរុញដល់ក្រុមការងារជំនាញសាងសង់ ត្រូវយកចិត្តទុកដាក់ ធ្វើការសាងសង់ ធានាឱ្យបានទាំងគុណភាព សោភ័ណភាព ស្តង់ដារ ដើម្បីទុកជាប្រវត្តិសាស្ត្រ ស្នាដៃកូនខ្មែរ ថាពិតជាធ្វើបានមែន។ នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវ ដល់សប្បុរសជននានា ពិសេសនាយ ពលទាហាន នៃកងយោធពលខេមរភូមិន្ទ ឱ្យបន្តជួយគាំទ្រទាំងស្មារតី សម្ភារៈ ថវិកា ក្នុងការជំរុញឱ្យដំណើរការសាងសង់សួនខឿនការពារជាតិនេះ ឱ្យប្រព្រឹត្តទៅទទួលបានដោយជោគជ័យ៕