លោកជំទាវ និន សាផុន បានទទួលជួបស្វាគមន៍ដោយ ឯកឧត្តម អម សុភា អភិបាលស្តីទីខេត្តកំពង់ឆ្នាំង ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត


នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ គណៈប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា ដែលដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍​ ប្រៃសណីយ៍​ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីកម្ម​ និងសំណង់ នៃរដ្ឋសភា ត្រូវបានទទួលជួបស្វាគមន៍ដោយ ឯកឧត្តម អម សុភា អភិបាលស្តីទីខេត្តកំពង់ឆ្នាំង ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ។
នៅក្នុងឱកាសនោះ​ លោកជំទាវ និន សាផុន បានជម្រាបពីគោលបំណងនៃបេសកកម្មនេះ គឺដេីម្បីចុះមកសិក្សាស្វែងយល់ពីវឌ្ឍនភាព និងការអនុវត្តច្បាប់ បញ្ហាប្រឈម ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានជម្រាបជូនអំពីតួនាទីភារកិច្ចរបស់រដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិដែលមានភារកិច្ចស្នូល៣ គឺភាពជាតំណាងរបស់ពលរដ្ឋ ការងារនីតិកម្ម និងឃ្លាំមើលការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល។​ លោកជំទាវប្រធានក៏បានលើកពីស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យមានផលប៉ះពាល់ជាសកល ៕