ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យ សិក្សារមណីយដ្ឋានអភិរក្ស និងការវិនិយោគ នៅក្នុងតំបន់រមណីយដ្ឋានទឹកឆា


នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ ចុះពិនិត្យរមណីយដ្ឋានទឹកឆា និងការវិនិយោគ នៅតំបន់រមណីយដ្ឋានទឹកឆា ដែលស្ថិតនៅឃុំបឹងណាយ ស្រុកព្រៃឈរ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុកព្រៃឈរ ស្រុកចំការលើ អាជ្ញាធរឃុំ មន្ត្រីពាក់ព័ន្ធ និងតំណាងម្ចាស់វិនិយោគផងដែរ។

សូមបញ្ចាក់ថា រមណីយដ្ឋានទឹកឆា ជារមណីដ្ឋានធម្មជាតិ មានចំងាយ២២ គីឡូម៉ែត្រពីក្រុងកំពង់ចាម និងមានសក្ដានុពលទាក់ទាញទេសចរ ក្នុងចំណោម រមណីដ្ឋានសំខាន់ៗមានចំនួន០៥កន្លែងផេ្សងទៀតក្នុងខេត្ត រួមមាន៖ ភ្នំប្រុស ភ្នំស្រី នគរបាជ័យ ភ្នំហាន់ជ័យ ភ្នំជើងព្រៃ និងរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន៕